ខេត្តកំពង់ឆ្នាំង៖នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាឃុំ វិស័យឯកជន អង្គការសង្គមស៊ីវិល និងតំណាងប្រជាពលរដ្ឋសរុបប្រមាណ៣៩០នាក់។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗសម្រេចបាន សម្រាប់ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងពិគ្រោះយោបល់ទៅលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម(អំពីការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍, កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន(ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងថវិកាក្រុង ស្រុក), ការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងសោភ័ណភាព អនាម័យ បរិស្ថាន និងធនធានធម្មជាតិ។ បន្ថែមពីនោះ អង្គវេទកាផ្សព្វផ្សយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយពិនិត្យ និងជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អត្ថន័យសំខាន់នៃអង្គវេទិកានេះដែរ គឺប្រព្រឹត្តទៅនៅក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាជំរុញឱ្យមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅការលើកកម្ពស់ការចូលរួមតាមគោលការណ៍លទ្ធិប្រជាប្រជាធិបតេយ្យដើម្បីធានាថាបញ្ហា និងសំណូមពរជាធាតុចូល នឹងត្រូវបានដោះស្រាយដោយស្ថាប័ន និងអង្គភាពពាក់ព័ន្ធជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងទាន់ពេលវេលា។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ មានការលើកឡើងនូវសំណួរផ្ទាល់មាត់ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរ ដោយផ្តោតទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់) ប្រព័ន្ធធារាសាស្ត្រ ដីធ្លី ត្រូវបានឯកឧត្តមគណ:ធិបតី និងសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូលឲ្យអស់កង្វល់ដែលប្រជាពលរដ្ឋមានទុក្ខកង្វល់កន្លងមកឲ្យបានកាន់តែយល់ច្បាស់ផងដែរ៕
No comments:
Post a Comment