ខេត្តកំពង់ធំ៖ នៅក្នុងពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីទៅកាន់វត្តបុទុមសាគរហៅវត្តស្រែវាលខាងកើតស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នួន វិធាវី រួមជាមួយសប្បុរសជន និងសហការីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយមនុស្សធម៌ជូនដល់លោកយាយលោកតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅឃុំដងកាំបិតស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេ តែងតែគិតគូរព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនយើងក៏ដូចជាក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលត្រូវចូលបវេសនកាលនេះ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងរបស់ខ្លួនរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅពេលអនាគត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍បន្ថែមទៀតថា ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងកំពុងប្រែមុខប្រែមាត់ថ្មីនៅលើឆាកអន្តរជាតិ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងស្វាហាប់ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ រួមជាមួយសប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានធំឃុំដងកាំបិត បានឧបត្ថម្ភជូនលោកយាយលោកតាចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ និងថវិកាមួយម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ និងថវិកា៥ម៉ឺនរៀល សិស្សានុសិស្សចំនួន១៣០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅពីរក្បាល ប៊ិចមួយដើម ខ្មៅដៃមួយដើម បន្ទាត់មួយដើម និងថវិកាចំនួន២០០០រៀល ដោយឡែកប្រជាការពារ ដែលរួមចំណែកនិងកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យអង្គកឋិនទានទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ។
លោកគ្រូ ខុន សុឃាន់ តំណាងឱ្យលោកយាយលោកតា សិស្សានុសិស្ស បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិតស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកគ្រប់យ៉ាង ជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ អតីតយុទ្ធជន សិស្សានុសិស្សនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ និងបានសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោកលោកស្រី ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
No comments:
Post a Comment