(កំពង់ធំ)៖ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនមីរ៉ាត់ (Mirarth) ប្រារព្ធពិធី នាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូងរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម អ៉ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ, ឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ប្រព្រឹត្តទៅនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធី ឯកឧត្តម ញឹក បានខេង មានប្រសាសន៍ថា ជាការពិតណាស់ ការនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបរបស់ក្រុមហ៊ុនមីរ៉ាត់ (Mirarth) នាពេលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ តែកើតចេញពីការខិតខំប្រឹងប្រែងប្រកប ដោយផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី២០២២-២០២៧ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើយុទ្ធសាស្រ្ត៣គឺ ការផលិត ការកែច្នៃ និងការនាំចេញ។ ការនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុប នាថ្ងៃនេះគឺជាផ្នែក មួយក្នុងការជំរុញឲ្យចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានតាម គោលដៅដែលបានគ្រោងទុក ជាពិសេសគឺការសម្រេចឲ្យបានតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
ទន្ទឹមគ្នានេះ ឯកឧត្តម បញ្ជាក់បន្ថែមថា ខេត្តក៏មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន១២កន្លែង ដែលមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីឆៅបាន៧៨តោន/១ថ្ងៃ ឃ្លាំងស្តុក ១១កន្លែង ដែលមានលទ្ធភាពស្តុកបាន ១៨.១៩៥តោន/១ឆ្នាំ និងអំពាវនាវបន្ថែមទៀតដល់ក្រុមហ៊ុនវិនិយោគជប៉ុន សូមអញ្ជើញមកវិនិយោគលើវិស័យកសិកម្ម ផ្សេងៗទៀតក្នុងខេត្តកំពង់ធំ ដូចជា ស្រូវអង្ករ ដំឡូងមី ស្វាយកែវរមៀត និងកៅស៊ូ ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ មិនឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ទិន្នផលប្រមាណជាង ៨៧ម៉ឺនតោន ក្នុងនោះមាន៨៥% បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស ដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌា និងបង់ក្លាដេស។ ហើយខេត្តកំពង់ធំគឺជាខេត្តដែលទទួលបានលំដាប់ថ្នាក់លេខ១ ទូទាំង២៤ខេត្ត ខេត្តក្រចេះជាប់លេខ២ និងខេត្តរតនគិរីជាប់លេខ៣ ក្នុងបីខេត្តនេះសរុបប្រមាណជាង ៥៥% នៃផ្ទៃដីដាំដុះទូទាំងប្រទេស។
ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងអាណិតទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្ដល់អាទិភាពជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី ដូចជា៖
១. ពង្រឹងពង្រីកាកែវច្នៃក្រសាចន្ទីដើម្បីនាំចេញឲ្យបានច្រើនបំផុត។
២. បន្តធ្វើម៉ាកសញ្ញា (branding) ដែលបញ្ជាក់ពីភូមិសាស្ត្រ គ្រាប់ស្វាយចន្ទីរបស់កម្ពុជាឆ្ងាញ់ គ្រាប់ធំ មានគុណភាព និងសុវត្ថិភាព
៣. ជំរុញការចងក្រង និងការបង្កើតសហគមន៍ទំនើប
៤. ពិនិត្យរចនាសម្ព័ន្ធ ឃ្លាំងស្តុក កន្លែងហាលសម្ងួត សិប្បកម្មកែច្នៃ ឬសហគ្រាសកែច្នៃ។
គូបញ្ជាក់ផងដែរថា នេះជាមោទនភាពបំផុត នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រុមហ៊ុនមីរ៉ាត់ (Mirarth) ដែលបាននាំចេញគ្រាប់ស្វាយចន្ទីចូលទៅក្នុងទីផ្សារសហគមន៍អឺរ៉ុបជាលើកដំបូងរបស់ខ្លួន រហូតដល់ ២៥០តោន/១ឆ្នាំ និងបន្តដាក់នូវផែនការបន្ថែមសមត្ថភាពរោងចក្រទៅ ៣,០០០តោន ហើយសាងសង់រោងចក្រទំហំ ២០,០០០តោនក្នុងរយៈពេល៣ឆ្នាំខាងមុខ ក៏ដូចគ្នាកំពុងសិក្សាដំណើរ ការប្រើប្រាស់សំបកស្វាយចន្ទីសម្រាប់បង្កើតថាមពលបៃតងទៀតផង៕ អត្ថបទលោក ថុល ពលរិទ្ឋី
No comments:
Post a Comment