ខេត្តកំពង់ធំ៖ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានថ្លែងដូច្នេះកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅវត្តស្រីទូល ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្ត កំពង់ធំ។
លោកបន្ថែមថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាឃុំទាំង១៣ នៃស្រុកស្ទោង មានកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ទី១)ការប្រគុំតន្រ្តី ទី២)ការលេងល្បែងប្រជាប្រិយដូចជា លោតបាវ ពមនុស្ស ទាញព្រ័ត្រ បោះអង្គញ់ ដណ្ដើមស្លឹកឈើនិងវាយក្អម និងទី៣)ការចាប់រង្វាន់រាប់រយរង្វាន់រួមមាន ធុងទឹកកក ចានស្រាក់ បំពង់ទឹកក្ដៅ ឆ្នាំងដាំបាយអគ្គិសនី កង្ហារ កង់ ទូរសព្ទដៃ ទូរទឹកកក និងម៉ូតូចំនួនមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវផងដែរ។
ទន្ទឹមនឹងនេះ សង្រ្កាន្តឆ្នាំថ្មី បានរៀបចំឡើងនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងគ្រឹះស្ថានសិក្សានានា ដែលព្រឹត្តិការណ៍នេះជួយបំផុសដល់ប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យស្វែងយល់ ស្រឡាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ។
លើសពីនេះឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនាពេលនេះ អាចប្រព្រឹត្តទៅបានក៏ដោយសារតែប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាបិតាសន្តិភាព និងបន្តដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការរួមចំណែកដើម្បីបង្កើនភាពសប្បាយរីករាយជូនដល់យុវជន និងបងប្អូនប្រជាពលរដ្ឋ តាមរយៈកម្មវិធីសប្បាយជាច្រើនដូចជាការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយ និងការចាប់រង្វាន់ជាដើម។
សូមបញ្ជាក់ថា ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញកំសាន្តសប្បាយជាមួយប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចិនជើង និងឃុំបន្ទាយស្ទោងថែមទៀត ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខណៈពិធីទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី នឹងយាងចុះមក នៅវេលាម៉ោង ៤:៤៨ នាទីទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕ដោយលោក ឆុន ក្រឹម
No comments:
Post a Comment