ឯកឧត្តម ស៊ុន ចាន់ថុល៖ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ស៊ុន ចាន់ថុល៖ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas




ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas។


ទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិកនាឱកាសនេះនឹងជួយជំរុញការផ្ដល់ព័ត៌មានអំពីភាពរីកចម្រើន និងសក្ដានុពលរបស់កម្ពុជា ពិសេសនឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួម។


មានប្រសាសន៍លើកឡើងក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកពី៤៩% មកនៅត្រឹម ១៩%។ អត្រាពន្ធដែលកម្ពុជាទទួលបានគឺជាអត្រាល្អមួយដែលជួយជំរុញទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិកកាន់តែល្អប្រសើរជាងមុន។ 


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានជំរុញឱ្យមានបទឈប់បាញ់បានឆាប់រហ័សក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ គោលជំហររបស់កម្ពុជាគឺមានភាពច្បាស់លាស់ក្នុងការរក្សាការពារសុខសន្តិភាពជូនប្រជាជាតិ ដែលប្រមុខថ្នាក់ដឹកនាំកម្ពុជាបានខិតខំកសាងមកដោយលំបាក។ គោលជំហរនេះក៏បានទទួលការជឿជាក់ពីឯកឧត្តមប្រធានាធិបតី Donald Trump ផងដែរ តាមរយៈសារលិខិតជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថ្លែងអំណរគុណ និងកោតសរសើរកម្ពុជាដែលគាំទ្របេក្ខភាពឯកឧត្តមសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

 

ក្នុងអង្គប្រជុំនេះក៏មានការគូសរំលេចជូនលោកជំទាវឱ្យបានជ្រាបអំពីសក្តានុពលវិជ្ជមាននានារបស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាពតាមរយៈរូបមន្តពិសេសគ្មានពីរ គឺ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដី លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ពិសេសក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកិច្ចការងារសម្របសម្រួល និងជំរុញកិច្ចវិនិយោគ។ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើឌីជីថលូបនីយកម្ម ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលផ្ដល់លទ្ធភាពទាំងស្រុងជូនវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងតាមដានវឌ្ឍនភាពពាក្យស្នើសុំរបស់ខ្លួនបានដោយងាយស្រួល គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ ពិសេសការអនុម័តគម្រោងវិនិយោគរបស់ថ្នាក់ដឹកនាំចំណាយពេលវេលាតិច និងអាចអនុវត្តការងារបានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែងផងដែរ។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្សរីករាយចំពោះភាពវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរាប់ចាប់ពីវិស័យវិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងការទូត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំគណៈប្រតិភូសភាអាម៉េរិកបន្តជំរុញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។


ក្នុងឱកាសនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តែងនូវភាពរីករាយដែលបានមកបំពេញទស្សនកិច្ចជាលើកទី២ នៅក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះ លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះអំពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ តាមរយៈជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបនៅក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកជំទាវបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើការបន្តរីកលូតលាស់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។


គួរបញ្ជាក់ថា តាមរយៈជំនួបកាលពីខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងវ៉ាស៊ីនតោន រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវផ្ទាល់ ពោលគឺអំឡុងពេលចរចាលើកិច្ចព្រមព្រៀងពន្ធបដិការ លោកជំទាវក៏បានលើកឡើងអំពីគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកបន្ថែមផងដែរ។ សូមបញ្ជាក់បន្ថែមថា ទស្សនកិច្ចលើកទី១ របស់លោកជំទាវ Beth Van Duyne មកកាន់ប្រទេសកម្ពុជា គឺនៅអំឡុងខែសីហា ឆ្នាំ២០២២ កន្លងទៅ។ដោយ ជា រដ្ឋា ប្រភពផេក ឯកឧត្តម ស៊ុន ចាន់ថុល




















No comments:

Post a Comment

Pages