(ខេត្តក្រចេះ)៖ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ និងស្រុកឆ្លូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី១១ វត្តបព្វតាវណ្ណាតាម (ភ្នំព្រះ) ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងឱកាសនោះ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ បានលើកឡើងថា ការចូលរួមកាន់បិណ្ឌគឺការថែរក្សានូវទំនៀមទំលាប់វប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាផ្សាភ្ជាប់គ្នារវាងអាណាចក្រ និងពុទ្ធចក្រ ជាពិសេស គឺរវាងគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឧទ្ទឹសកុសលដល់បងប្អូនសាច់សារលោហិត បុព្វបុរសខ្មែរ និងជាពិសេសវីរកងទ័ពដែលបានពលី ក្នុងការការពារទឹកដីពីចោរសៀមឈ្លានពាន។
លោកបណ្ឌិតបាននាំយកសម្ភារៈ គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួន ចូលរួមក្នុងបិណ្ឌវេនទី១១ ដោយបានរាប់បាត្រឧទ្ទិសកុសល ជូនដល់វីរយុទ្ធជនការពារព្រំដែន និងវរជនស្នេហាជាតិ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ។ ជាមួយគ្នានោះ លោកបណ្ឌិត បានជួបសំណេះសំណាលសួរសុខទុក្ខលោកយាយលោកតា ចំនួន៥០នាក់ ដែលក្នុងម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ចំនួន១០,០០០រៀលផងដែរ។
សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌមិនត្រឹមតែជាប្រពៃណីវប្បធម៌សាសនាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសរួមគ្នារបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ដើម្បីចងក្រងសាមគ្គី និងអនុវត្តកិច្ចធម៌ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសប្បាយរីករាយ បង្ហាញភាពស្នឹទ្ធស្នាល និងទំនាក់ទំនងល្អរវាងសហគមន៍ និងអាជ្ញាធរមូលរដ្ឋាន៕









No comments:
Post a Comment