កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាពទឹកស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលបានហក់ឡើងកាលពីម្សិលមិញ បណ្តាលឲ្យទឹកហូរកាត់ដោយអន្លើលើកំណាត់ផ្លូវជាតិលេខ៥ (ចាស់) នៅម្ដុំរូបសំណាកព្រះគោព្រះកែវ។
ចាប់តាំងពីថ្ងៃម្សិលម៉ិញ ឯកឧត្ដម អភិបាលខេត្ត បានចាត់ឲ្យក្រុមការងារច្រកដីទប់ទឹកការពារតួផ្លូវ បញ្ជូនគ្រឿងចក្រជីកបើកមុខទឹក និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរ។
ឯកឧត្ដម ក៏បានចាត់ឲ្យក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅតំបន់ប៉ែកខាងលើ និងឲ្យបន្តតាមដានស្ថានភាពទឹកដោយប្រុងប្រយ័ត្នខ្ពស់បំផុត។
ចំពោះស្ថានភាពទឹកនៅចំណុចផ្លូវជាតិលេខ៥ (ចាស់) ពេលនេះបានស្រកបន្តិចលែងហូរកាត់ផ្លូវ ប៉ុន្តែក្រុមការងារនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ដោយសារភ្លៀងអាចនឹងបន្តធ្លាក់ច្រើន ហើយបរិមាណទឹកក្នុងអាងអន្លង់ជ្រៃនៅតំបន់ប៉ែកខាងលើ កំពុងកើនឡើងខ្ពស់៕
ប្រភព ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង










No comments:
Post a Comment