ពោធិ៍សាត់៖ថវិកាចំនួន ៤០០លានរៀល ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់ក្រុមប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅជួរភ្នំក្រវាញ ត្រូវបានលោក ខូយ រីដា ប្រធានគណៈកម្មការ សាខាកាកបាទក្រហមប្រចាំខេត្តពោធិ៍សាត់ ប្រគល់ជូនដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកទៅចែកជូនដល់កងកម្លាំង។
សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាចំនួន៤០០លានរៀល ឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ ដើម្បីលើកទឹកចិត្តជូនពួកគាត់ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងអាកាសយានិក ២នាក់ រហូតដល់ទទួលបានជោគជ័យ។
គិតរហូតមកដល់ពេលនេះ មានរយៈពេល ១៨ថ្ងៃហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានដំណឹងនៅតំបន់ជួរភ្នំក្រវាញ ដោយក្នុងនោះកម្លាំងប្រតិបត្តិការបានប្រទះឃើញឧទ្ធម្ភាគច្រ នៅចង្កេះភ្នំយ៉ាវយ៉ៃ នារសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ហើយក៏បានរកឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅនឹងកៅអីឧទ្ធម្ភាចក្រនោះ។
បន្ទាប់មក នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងរុករក ក៏បានប្រទះឃើញអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលបានស្លាប់បាត់បង់ជីវិត នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចធ្លាក់ឧទ្ធម្ភាគចក្រ។
ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា ប្រតិបត្តិការរុករកឧទ្ធម្ភាចក្រនេះ មានកម្លាំងចូលរួមជាង១០០០នាក់។ បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើង ចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕
No comments:
Post a Comment