ក្នុងជំនួបជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងពីសន្តិភាពនៅកម្ពុជាដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូសភាជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតជ្រើសតំាងជា ប្រធានរដ្ឋសភា និងជាស្រ្តីកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានតួនាទីដ៏សំខាន់នេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិនិងប្រជាជន។
ឯកឧត្តមបានក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ដែលឯកឧត្តម បានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ១៩៩៣ ក្នុងក្របខណ្ឌអង្គការសហប្រជាតិនិងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីមនោសញ្ចេតនាជ្រាលជ្រៅ ស្មោះត្រង់ ចេញពីបេះដូង រវាងប្រជាជនកម្ពុជានិងប្រជាជនជប៉ុន ដែលបានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងថា នៅក្នុងចិត្តពលរដ្ឋកម្ពុជា ជប៉ុនមានភាពស្មោះត្រង់ តម្លាភាព គោរពច្បាប់ គណនេយ្យភាព និងមានគុណធម៌។ ដូច្នេះ វត្តមានការវិនិយោគរបស់ជប៉ុននៅកម្ពុជានឹងជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសផ្សេងៗទៀត ផងដែរ។
សម្តេចប្រធានរដ្ឋសភា បានអរគុណប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។ ជប៉ុនបានជួយកម្ពុជាទំាងក្នុងក្របខណ្ឌមនុស្សធម៌ សង្គម និងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ 2017 មក កម្ពុជាបានបញ្ជូនសិក្ខាកាមចំនួនជាង ពីរម៉ឺននាក់ ក្នុងនោះ ស្រី ជាងមួយម៉ឺននាក់ទៅប្រទេសជប៉ុន ហើយពីឆ្នាំ១៩៩២ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានចំនួន ១៦៣១ នាក់ ដើម្បីបន្តការសិក្សារបស់ពួកគេរយៈពេលវែងនៅប្រទេសជប៉ុន។ សម្តេចប្រធានរដ្ឋសភា ក៏បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបន្តគំាទ្រ ការសម្អាតមីននៅកម្ពុជា តាំងពីដើមមកនិងបន្តទៅអនាគត ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឬឆ្នាំ២០៣០ខាងមុខនេះ។
សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង រដ្ឋសភាប្រទេសទំាងពីរ ហើយកាលពីឆ្នាំ១៩៩៨ សម្តេចធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ការងាររដ្ឋសភាជប៉ុនផងដែរ។
ការអភិវឌ្ឍរបស់កម្ពុជានាពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ប្រទេសជប៉ុនបាននោះទេ។ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថាចំណងមិត្តភាពកម្ពុជា-ជប៉ុននិងកាន់តែរឹងមាំ ធន់នៅគ្រប់កាលៈទេសៈ ដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាពជូនពលរដ្ឋនៅក្នុងសកលលោក។ ឈរលើមូលដ្ឋានសន្តិភាពនេះហើយ កម្ពុជាជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ាន ដែលបានគំាទ្រ គោលការណ៍ ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ប្រទេសជប៉ុន៕
No comments:
Post a Comment