កំពង់ធំ : លោកព្រឹម រដ្ឋា បានលើកឡើងថា "មន្ត្រីរាជការបង្កើនសមត្ថភាពនិងអនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានល្អជាប្រចាំ" :លោកអភិបាលរងខេត្តកំពង់ធំ បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី តំណាងឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកស្រុកស្ទោងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។
លោកបានបន្ថែមថាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាភាពចាំបាច់មួយទៀតដែលជួយឱ្យមន្ត្រីរាជការ និងស្ថាប័នអង្គភាពនានាជាពិសេសរដ្ឋបាលស្រុកស្ទោងរួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតួនាទីភារកិច្ចជាមន្ត្រីរាជការ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់នៅចំពោះមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី ៧នេះ។
លើសពីនេះគឺត្រូវមានភាពស្មោះត្រង់ ម្ចាស់ការ គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងអនុវត្តប្រកបដោយតម្លាភាពហើយប្រាសចាក ជៀសឱ្យផុតពី ការកេងប្រវ័ញ្ចអំពើពុករលួយ ដែលនាំឱ្យអាប់អោនដល់បុគ្គលខ្លួនឯង អង្គភាពស្ថាប័ននិងរាជរដ្ឋាភិបាលហើយនាំឱ្យប្រឈមនឹងទោសទណ្ឌច្បាប់ប្រឆាំងអំពើពុករលួយជាធរមានផងដែរ ហើយត្រូវអនុវត្តរបៀបរបបឬឥរិយាបថការងារ ការលើកទឹកចិត្ត ការបែងចែកភាគលាភ គំរូរូបភាពនិងការស្រលាញ់ចូលចិត្តមន្ត្រីក្រោមឱវាទនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី ទត គឹមសុភារិន្ទ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការ អនុវត្តតួនាទីភារកិច្ចក្នុងនាមជាអភិបាលរង នៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងរាជរដ្ឋាភិបាលទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងនិងជួយឱ្យអង្គភាពស្រុកស្ទោងឱ្យមានការរីកចម្រើនជាលំដាប់។
សូមបញ្ជាក់ថានៅក្នុងពិធីប្រកាសនេះគឺលោកស្រីទត គឹមសុភារិន្ទ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកស្ទោង ជំនួសលោកស្រីហុង ឡាំងហ៊ាង ដែលត្រូវបានផ្លាស់ប្ដូរទៅកន្លែងថ្មី។
No comments:
Post a Comment