(ស្រុកឱរ៉ាល់) ៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិទាំង៩ នៃឃុំហោងសំណំ ស្រុកឱរ៉ាល់។ ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំហោងសំណំ គណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាគណបក្សក្នុងឃុំហោងសំណំ អញ្ជើញចូលរួម។
បន្ទាប់ពីរបាយការណ៍សង្ខេបរបស់លោក ប៉ុក ទ័ត មេឃុំហោងសំណំ, ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ បានមានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ ក្នុងពិធី ឯកឧត្តមប្រធាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី មកកាន់បងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ នៅក្នុងឃុំហោងសំណំ និងភូមិទាំង៩ នៃឃុំហោងសំណំ។ ជាមួយការប្រកាសសុពលភាពរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំហោងសំណំ និងភូមិទាំង៩ ក្នុងភូមិសាស្ត្រឃុំហោងសំណំ ឯកឧត្តមប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារគណបក្សនៅមូលដ្ឋាន ជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិនីមួយៗ ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពក្រុមបក្ស គ្រួសារបក្សឡើងវិញជាបន្តបន្ទាប់ ដើម្បីធានាសុក្រឹតភាពចំនួនសមាជិកបក្ស និងអនុវត្តការបញ្ចូលព័ត៌មានសមាជិកបក្សទៅក្នុងប្រព័ន្ធ IT ព្រមទាំងបន្តពង្រឹងគោលជំហរសមាជិកក្នុងការអនុវត្តកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស ដូចជាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោលនយោបាយសេដ្ឋកិច្ចសង្គមកិច្ច គោលនយោបាយគាំពារសង្គមជាដើម ដើម្បីវឌ្ឍនភាពនិងសុខដុមរមនារបស់សមាជិកបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន ឈានទៅសម្រេចបានជ័យជម្នះជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨ នាពេលខាងមុខ។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានគូសរំលឹកផងដែរនូវរូបមន្តសម្តេចតេជោ សម្រាប់មន្ត្រីគណបក្សចុះមូលដ្ឋាន ដែលក្នុងនោះរួមមាន "ច១ជ១ គឺ ចុះ+ជួប" និង "ច២ជ២ គឺ ចុះជួប+ចាយជួយ", ព្រមទាំង "ច១ជ២ គឺ ចុះ+ជួប+ជួយ" ដែលជាត្រីវិស័យតម្រង់ទិសសម្រាប់ការអនុវត្តការងាររបស់គណបក្សចុះមូលដ្ឋានប្រកបដោយស្មារតីបុរេសកម្ម មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តមប្រធាន បានគូសរំលេចផងដែរនូវស្មារតីសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ទាំងប្រជាជនកម្ពុជាទូទាំងប្រទេស និងសហគមន៍ខ្មែរនៅក្រៅប្រទេស ដែលបានគាំទ្រយ៉ាងពេញទំហឹងនូវការដឹកនាំប្រកបដោយសក្តានុពលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះចំណាត់ការនានាក្នុងបញ្ហាជម្លោះព្រំដែនដែលបង្កឡើងដោយភាគីថៃ និងសូមឱ្យសមាជិកគណបក្ស និងប្រជាជនទូទាំងប្រទេស មានជំនឿជឿជាក់យ៉ាងមុតមាំចំពោះចំណាត់ការរបស់ប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា។
#សន្តិភាពនៅកម្ពុជា #សម្តេចតេជោហ៊ុនសែន #សម្តេចធិបតីហ៊ុនម៉ាណែត #គណបក្សប្រជាជនកម្ពុជា #ស្រុកឱរ៉ាល់



















No comments:
Post a Comment