បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជនសង្ស័យសរុបចំនួន ១០នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូពីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកន្លងមក។
ជនសង្ស័យចំនួន១០នាក់នេះត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់។ ពួកគេចែកចេញេជា៣ ក្រុម បានប្រព្រឹត្តល្មើសចំនួន៣ករណី ដោយករណីទី១ បានកើតឡើងនៅ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៥នាទី ចំណុចការ៉ាសសាំងតេលាឈ្មោះ ឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកHONDA DREAM-សេរីឆ្នាំ២០២២ ពណ៌ខ្មៅ-មានស្លាកលេខ កំពង់ធំ 1R-8993-លេខតួ6199104។
ករណីទី២ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០និង ៤០នាទី នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល១៥០ម៉ែត្រ បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន២គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ លេខតួនិងម៉ាស៊ីន5516627 ផ្លាកលេខបាត់ដំបង1AG-7471 ចំណែកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ផ្លាកលេខបន្ទាយមានជ័យ1V-0945 លេខតួនិងលេខម៉ាស៊ីន 5824262 ។
ករណីទី៣ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១យប់ នៅចំនុចមណ្ឌល៨ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន៤នាក់ជាក្មេងទំនើង ជិះម៉ូតូ២គ្រឿង ដាវមួយដើម បម្រុងកាប់លើជនរងគ្រោះ ហើយជនរងគ្រោះបានរត់ចោលម៉ូតូ ។ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ1AD-9744 លេតួND125N0260939 ។
បច្ចុប្បន្នជនសង្ស័យទាំងនេះរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕







No comments:
Post a Comment