សៀមរាប៖ មន្រ្ដីអាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកជំនាញខ្មែររបស់ស្ថាប័ននេះ បានចាប់់ផ្ដើម ធ្វើការជួសជុលប្រាសាទព្រហ្មកិលឡើងវិញហើយកាលពីម្សិលមិញ ដើម្បីអោយប្រាសាទដ៏វ័យចំណាស់នេះមានភាពល្អស្អាតដូចដើម ហើយទាក់ទាញអ្នកទេសចរ។ អ្នកជំនាញបានបង្ហាញថា ប្រាសាទនេះ ដែលសម័យនោះមានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ហើយវាជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត ។
លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមយ៉សងខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសថ្មអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណ:កម្មាធិការអន្តរជាតិ ICC-Angkor។
លោកបន្តថា ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា ៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម, ទី២ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ គឺរៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល
No comments:
Post a Comment