ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២នេះបានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងធ្វើពិធីរំឭកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ខែមិថុនា១៩៥១-២៨ខែមិថុនាឆ្នាំ២០២២។
នៅក្នុងឱកាសរំលឹកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាលោកម៉ែន វិបុលបានអានសារលិខិតរបស់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលមានខ្លឹមសារថា ថ្ងៃនេះជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។ គឺប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេស ជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សារលិខិតបានបញ្ជាក់ថាជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ គ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ។ ពិធីនេះ ក៏ត្រូវបានប្រព្រឹត្តឡើង ក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ហើយកំពុងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។
លោកម៉ែន វិបុល បានអានសារលិខិតបន្តថាគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជា
លក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក៕ជា រដ្ឋា
No comments:
Post a Comment