(បន្ទាយមានជ័យ)៖ ស្ត្រីជនជាតិថៃម្នាក់ ពេលដើរបេះបន្លែ តាមព្រំដែនក៏ជាន់មីនផ្ទុះ បណ្តាលឱ្យដាច់ជើងម្ខាង។
រីឯយោធាខ្មែរនៅជិតទីនោះ ក៏ឆ្ការព្រៃចូលទៅជួយសង្គ្រោះ ស្រាប់តែជាន់មីនផ្ទុះមួយគ្រាប់ទៀត រងរបួសធ្ងន់ទាំង២នាក់តែម្ដង។
គ្រោះអកុសលនេះ បានកើតឡើងនៅត្រង់ចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា។
ស្ត្រីថៃរងគ្រោះឈ្មោះ សំរឹទ្ធ រ៉ៃរឿន អាយុ៤៦ឆ្នាំ នៅភូមិឃុំខាងលើ បានដើរបេះបន្លែក្នុងព្រៃ តាមព្រំដែនតំបន់កើតហេតុ ក៏បានជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងឆ្វេងរងរបួសធ្ងន់!។
បន្ទាប់មានសំឡេងគ្រាប់មីនផ្ទុះកម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីនកម្ពុជា និងទាហានឈុតខ្មៅថៃកងរយ1203 ដែលប្រចាំការនៅជិតនោះ ក៏ចូលទៅជួយជនរងគ្រោះ។
ស្រាប់តែមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ម្នាក់ឈ្មោះ សេង ឆន អាយុ៤០ឆ្នាំ បានជាន់ចំគ្រាប់មីនផ្ទុះមួយគ្រាប់ទៀតត្រូវដៃនិងភ្នែករងរបួសធ្ងន់ធ្ងរទាំង២នាក់។
ពេលនោះកងកម្លាំងបានជួយបញ្ជូនយោធារងរបួសទៅមន្ទីរពេទ្យភូមិភាគ៥ ព២ ខេត្តបាត់ដំបង។
ចំណែកស្ត្រីថៃរងគ្រោះនោះត្រូវបានទាហានថៃ ដឹកទៅសង្រ្គោះនៅប្រទេសគេដែរ៕
No comments:
Post a Comment