ខេត្តស្វាយរៀងទទួលទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ របស់ក្រសួងបរិស្ថាន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ខេត្តស្វាយរៀងទទួលទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ របស់ក្រសួងបរិស្ថាន

 



ខេត្តស្វាយរៀង លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិង លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ដែលចំណាយថវិកាសាងសង់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉កសម្រាប់ដឹកសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីលោកលោកស្រីនៅតាមមន្ទីរនានាជុំវិញខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។

លោក សេង សីលា បានមានប្រសាសន៍ថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវគឺបានជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាម ពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។
លោកបានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ហើយទីលាននេះក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដូច្នេះ មិនត្រឹមតែជួយអនាម័យ បរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។
លោកអភិបាលរងខេត្តក៏បានជំរុញឱ្យប្រជាពលរដ្ឋ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់យកចិត្តទុកដាក់ក្នុងការធ្វើអនាម័យបរិស្ថានឱ្យបានស្អាត ជាក្រុងគ្មានសំរាម ប្រកបដោយពណ៌បៃតងស្រស់បំព្រង ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរនានាមកកម្សាន្ត និងស្នាក់នៅប្រកបដោយផាសុខភាព។



លោក សៅ សុភាព បានមានប្រសាសន៍ថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ ហើយបានដាក់ចេញឱ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗមានការកើនឡើងជាបន្តបន្ទាប់។
បន្ថែមលើសពីនេះ លោក សៅ សុភាពក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាព អនាម័យ សោភ័ណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ កុំដុតសំរាមផ្ដេសផ្ដាស ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានការរស់នៅ និងជះក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ៕ដោយសហការី




No comments:

Post a Comment

Pages