ប្រធានសាលាដំបូងខេត្តស្វាយរៀងថ្មីចូលកាន់តំណែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានសាលាដំបូងខេត្តស្វាយរៀងថ្មីចូលកាន់តំណែង

 



ខេត្តស្វាយរៀង៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក អ៊ាក ផល្លា ជាប្រធានសាលាដំបូងខេត្តស្វាយរៀង ជំនួសលោក ឌិន ស៊ីវុទ្ធី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក ឌិន ស៊ីវុទ្ធី ដែលក្នុងរយៈពេល នៃការកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្វាយរៀង រយៈពេលជិត ៥ឆ្នាំ កន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការដឹកនាំអនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជ- រដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសបានចូលរួមធ្វើឲ្យខេត្តស្វាយរៀង ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗជាបន្តបន្ទាប់។ ទន្ទឹមនេះ លោកក៏បានផ្តាំផ្ញើដល់លោកប្រធានសាលាដំបូងខេត្តស្វាយរៀងដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបន្តពង្រឹងការសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹងយន្តការ នៃការដឹកនាំគ្រប់គ្រងសាលាដំបូងខេត្ត ក្នុងការធានាគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការផ្ដល់សេវា និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៌ ដែលជាចំណែកមួយចូលរួមធ្វើឲ្យកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនូវការអនុវត្តកម្មវិធីកំណែទម្រង់ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា-ភិបាល ។ ក្នុងនោះសូមឲ្យមានការសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ ការទទួលខុសត្រូវ និងស្របតាមនីតិវិធីនានាជាធរមាន ។

លោក កើត រិទ្ធ បានសង្កត់ធ្ងន់ផងដែរថា ចំពោះជនល្មើសដែលមានសញ្ជាតិ ២ ក្នុងនោះមួយជាសញ្ជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនបណ្តោះអាសន្ន នៅលើទឹកដីខ្មែរ, ចៅក្រមនិងព្រះរាជអាជ្ញាពុំមានកាតព្វកិច្ចតាមផ្លូវច្បាប់ណាមួយដែលត្រូវជូនដំណឹងទៅស្ថានទូតបរទេសឡើយ ដោយត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ ដែលនេះសញ្ជាក់ពីការលើកតម្កើងអធិបតេយ្យភាពជាតិខ្មែរ។
លោកបានលើកឡើងថា នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ ហើយត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ៕











No comments:

Post a Comment

Pages