សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោក នៅស្រុកចិត្របុរី - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោក នៅស្រុកចិត្របុរី

 


ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យ បន្តបន្ទាប់រូហូតដល់ ៧នាក់ ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោក នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ ដែល ទទួលបានល្ងាចថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង១៤.០០នាទី កម្លាំងអាវុធហត្ថបានទទួលបណ្តឹងតាមទូរសព្ទពីឈ្មោះ ប៉ូច គឹមយូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ថាមានមនុស្សមួយក្រុមបានបង្ខាំងខ្លួនទុកនៅចំណុចផ្ទះ១កន្លែង ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រោយពីទទួលបណ្តឹងកម្លាំងអវុធហត្ថបានចុះទៅចំណុចខាងលើ និងបាននាំឈ្មោះខាងលើមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីសាកសួរ ហើយសាម៉ីខ្លួន បានឆ្លើយបំភ្លឺថាខ្លួនជាតំណាងក្រុមការងារមកត្រួតពិនិត្យមើលលើវត្ថុ សំណរខ្មៅប្រែពណ៌ដែលគេអះអាងថាមាននៅខេត្តក្រចេះ។ ហើយខ្លួនបានទាក់ទងជាមួយ ប៉ា កុសល នៅខេត្តក្រចេះ បន្ទាប់មកឈ្មោះ ប៉ា កុសល បានឱ្យខ្លួនបើករថយន្តតាមរថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅសំដៅទៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាលំនៅដ្ឋានមួយដែលមិនស្គាល់ ខ្លួនបានទៅត្រួតពិនិត្យលើវត្ថុខាងលើ ដោយបានយកក្រចកឆ្កិះលើវត្ថុនោះបណ្តាលឱ្យរបើកខូចខាត ទើបខ្លួនដឹងថាវត្ថុខាងលើជាវត្ថុមិនពិត ខ្លួនបានប្រកែកមិនព្រមយកទើបម្ចាស់របស់ទាំងអស់ខាងលើបានគំរាមឱ្យខ្លួនសង បានចាក់សោរទ្វារបងដោយមិនឱ្យខ្លួនចេញក្រៅឡើយ។

តាមរបាយការណ៍ដដែក បានបញ្ជាក់ទៀតថា ក្រោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន០៤នាក់រួមមាន៖

១៖ ឈ្មោះ ស៊ុក សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ចុះវា ឃុំវិហ៊ារលួង ស្រុកពោញាឭ ខេត្តកណ្តាល មុខរបរកសិករ
២៖ ឈ្មោះ ធុន សីហា ភេទប្រុស២៨ឆ្នាំ  មានទីលំនៅបច្ចុប្បន្នភូមិពង្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  មុខរបរគ្រូបង្រៀនកូរ៉េតាមអនឡាញ
៣៖ ឈ្មោះ ឌី លី ភេទប្រុសអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកសិករ
៤៖ ឈ្មោះ ចៅ ណាក់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបន្នភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ។

ដក់ហូតវត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទចំនួន៦គ្រឿង, នាឡិការដៃ ចំនួន១គ្រឿង, បិតាំប៉ុងផ្តិតម្រាមដៃ ចំនួន១, ឯកសារកិច្ចសន្យាទិញ-លក់ សំណរខ្មៅ ចំនួន១ច្បាប់។

លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣  កម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍សំបុក តំណាងមេភូមិ ដឹកនាំដោយលោក អង រី ព្រះរាជអាជ្ញារង អយ្យការសាលាដំបូងខេត្តក្រចេះ បានបន្តធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ខ្វៀង ធីបែរ ភេទស្រី នៅចំណុចខាងលើ បានចាប់យកវត្ថុតាងរួមមាន៖ ទូរដែក ពណ៏មាស ចំនួន១គ្រឿង និងបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ទៀតរួមមាន៖
១៖ ឈ្មោះ ចៅ ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ
២៖ ឈ្មោះ ង្វៀង ដុកធៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម
៣៖ ឈ្មោះ ង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម។

តាមការអះអាងរបស់ដើមបណ្តឹងបានបញ្ជាក់ថា សំណរខ្មៅប្រែពណ៌ ប្រសិនជារបស់ពិតគឺខ្មៅសុទ្ធការពារផ្លូវងងឹត មានតម្លៃប្រមាណជា ១០លានដុល្លាអាមេរិក) ក្នុង១ដុំ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តក្រចេះ បញ្ចប់នីតិវិធីបញ្ជូនទៅតុលាការកាលពីថ្ងៃ១៣ ខែវិច្ឆកា ឆ្នាំ២០២៣ តែខាងតុលាការមិទាន់បញ្ចប់នីតិវិធីផ្ញើរឃុំខ្លួនជនសង្ស័ទាំង៧នាក់ ឃុំខ្លួនបណ្ដោះអាសន្ននៅអាវុធហត្ថខេត្តក្រចេះ៕




No comments:

Post a Comment

Pages