(
ស្វាយរៀង)៖ «អាជ្ញាធរខេត្តស្វាយរៀង បន្តដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តគោលការណ៍ណែនាំ និងបទបញ្ជាផ្សេងៗ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន»។ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តស្វាយរៀង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង។
ក្នុងនាមលោក ប៉េង ពោធិ៍សា អភិបាលប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នាឱកាសនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តស្វាយរៀង បានលើកឡើងពីសភាពការណ៍គ្រឿងញៀនទាំងក្នុងតំបន់ និងសកលលោកដែលក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់ និងប្រទាក់ក្រឡាគ្នាកែច្នៃថ្នាំញៀនជាផលិតផលជារូបផ្សេងៗទាក់ទាញ មនុស្សទូទៅចាប់អារម្មណ៍ប្រើប្រាស់តាមតម្រូវការទីផ្សារគ្រឿងញៀនរបស់ពួកគេ ហើយក្នុងនោះភូមិសាស្ត្រខេត្តស្វាយរៀង ឈ្មួញបានប្រើល្បិចលួចយកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ និងធ្វើសកម្មភាពលបលួចនាំ គ្រឿងញៀនពីរាជធានីខេត្តនានាឆ្លងកាត់ខេត្តស្វាយរៀង រួចបន្តឆ្លងដែនចូលទៅប្រទេសជិតខាង និងមួយចំនួនជួញដូរចែកចាយ ប្រើប្រាស់នៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្ត។
ជាការឆ្លើយតបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ថ្នាក់បានបន្តយកចិត្តទុកដាក់ម្ចាស់ការ ស្មារតីអនុវត្តនូវវិធានការទាំង៥ បានយ៉ាងខ្ជាប់ខ្ជួន និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ជាមួយនេះខេត្តបានដាក់ចេញ ទិសដៅការងារ៧ចំណុច ដើម្បីប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន។
ក្នុងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានសាទរកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយទាំងអស់ដែរមានចូលរួមអនុវត្តនូវបទបញ្ជា និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសសេចក្តីណែនាំលេខ០០២ ស.ណ.ន ស្តីពីគោលការណ៍ណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅគោរពអនុវត្តនូវឆន្ទៈមុតស្រួចរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍ សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តដោយស្នើសុំអាជ្ញាធរខេត្តស្វាយរៀងបន្តដោះស្រាយនូវបញ្ហាប្រឈមនានានៃការអនុវត្តគោលការណ៍ណែនាំនិងបទបញ្ជាផ្សេងៗធ្វើកិច្ចពិភាក្សា លើកជាយោបល់ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំង៥ បន្តពង្រឹងក្រមសីលធម៌ សមត្ថភាពជំនាញក៏ដូចជាការកសាងផែនការជាក់លាក់សម្រាប់ជាមូលដ្ឋាន បម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្តោតទៅក្រុមគោលដៅប្រឈមខ្ពស់មាន៖យុវជនគ្មានមុខរបរច្បាស់លាស់ សិស្សគេចសាលា អ្នកបើកបរ កម្មករ កម្មការិនី និងពិនិត្យការនាំចូលសារធាតុគីមីផ្សំ ហើយសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តនូវទិសស្លោក ប្រឆាំងគ្រឿងញៀន បីកុំ និងមួយរាយការណ៍៕
No comments:
Post a Comment