ខេត្តក្រចេះ៖ រសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងការពារជាតិលេខ០០៧/ស.ណ.ន ២០២៣ ស្តីពីវិធានការដើម្បីទប់ស្កាត់ដល់ នាយទាហាន នាយទាហានរង ពលទាហាន កុំឲ្យពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជាថ្មីៗ និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញើញចូលរួមពីលោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ/មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខ។
ក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ត្រីមេបញ្ជាការបានចែកនូវលិខិតបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់ ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុកទាំង៧ ដើម្បីផ្សព្វផ្សាយបន្ត ជូនដល់ នាយ-នាយទាហានរង ដែលអាវុធហត្ថក្រោមឱវាទ។
ការផ្សព្វផ្សាយបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានធ្វើឡើងគ្រប់ស្ថាប័ន គ្រប់អង្គភាព ដើម្បីឱ្យយោធិននៃកងរាជអាវុធហត្ថម្នាក់ៗ យល់ដឹងច្បាស់អំពីវត្ថុបំណងនិងគោលដៅនៃការអប់រំនេះ ដូចខាងក្រោម៖
១-ការពារអាយុជីវិតយោធិនគ្រប់រូប
២-ការពារសុភមង្គលនិងសុខដុមក្នុងគ្រួសារ
៣-បន្ថយបន្ទុកចំណាយរបស់រដ្ឋ
៤-កងរាជអាវុធហត្ថមានកម្លាំង
ធានារ៉ាប់រងការអនុវត្តតួនាទី ភារកិច្ច
៥-កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។
នេះជាចក្ខុវិស័យ និងជាយុទ្ធសាស្ត្រនៃការដឹកនាំ គ្រប់គ្រងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការរួមចំណែកកសាង និង អភិវឌ្ឍន៍ប្រទេសជាតិយើង។
No comments:
Post a Comment