កោះតៃវ៉ាន់ចាប់ផ្តើមការបោះឆ្នោតរើសមេដឹកនាំថ្មី ដែលស្ថិតក្រោមការរង់ចាំតាមដានលទ្ធផលយ៉ាងដិតដល់ពីចិន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កោះតៃវ៉ាន់ចាប់ផ្តើមការបោះឆ្នោតរើសមេដឹកនាំថ្មី ដែលស្ថិតក្រោមការរង់ចាំតាមដានលទ្ធផលយ៉ាងដិតដល់ពីចិន

(តៃប៉ិ)៖ នាថ្ងៃសៅរ៍នេះ ការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងសភាអាណត្តិថ្មី បានចាប់ផ្តើមប្រព្រឹត្តទៅនៅកោះតៃវ៉ាន់​ បន្ទាប់ពីប្រទេសចិន បានចាត់ទុកការបោះឆ្នោតនេះ គឺជាការជ្រើសរើសរវាងសង្រ្គាមហើយនិងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។

គណបក្សកាន់អំណាចតៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ហៅកាត់ DPP ដែលគាំទ្រអត្តសញ្ញាណតៃវ៉ាន់ដាច់ដោយឡែកពីចិន និងបដិសេធការអះអាងអធិបតេយ្យរបស់ចិន មកលើដែនកោះនេះ កំពុងព្យាយាមស្វែងរកការបន្តទទួលជ័យជម្នះ សម្រាប់អាណត្តិទី៣ តាមរយៈបេក្ខជនរបស់ខ្លួន គឺលោក Lai Ching-te ដែលជាមេដឹកនាំរងតៃវ៉ាន់បច្ចុប្បន្ន។ សម្រាប់មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen គឺមិនអាចបន្តឈរឈ្មោះបានតទៅទៀតទេ ក្រោយកាន់អំណាចបានគ្រប់ពីរអាណត្តិ ចាប់តាំងតែពីឆ្នាំ២០១៦មក។

កោះតៃវ៉ាន់ត្រូវចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយនៃទឺកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានប្តេជ្ញាថា​ នឹងបង្រួបបង្រួមគ្នា​ជាមួយតៃវ៉ាន់វិញ នៅថ្ងៃណាមួយ។ លោក Lai ត្រូវបានចិនថ្កោលទោស ជាបុគ្គលប៉ុនប៉ងចង់បំបែករដ្ឋ និងជាបុគ្គលដ៏គ្រោះថ្នាក់។ លោក Lai បាននិយាយថា រូបលោកប្តេជ្ញារក្សាការពារសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំខាងលើ លោក Lai ត្រូវប្រឈមមុខជាមួយគូប្រជែងពីររូប គឺលោក Hou Yu-ih មកពីបក្សប្រឆាំងធំជាងគេគឺ Kuomintang (KMT) និងអតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលជាគណបក្សតូចមួយ ទើបបង្កើតឡើងកាលពីឆ្នាំ២០១៩ ប៉ុន្តែមានសំឡេងគាំទ្រច្រើនគួរសម​ ជាពិសេសក្នុងចំណោមយុវជន។

លោក Hou មានបំណងចង់ស្តារការធ្វើប្រាស្រ័យទាក់ទងឡើងវិញជាមួយចិន ដោយចាប់ផ្តើមជាមួយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីធ្វើឱ្យ​ទំនាក់ទំនងប្រសើរឡើងជាងមុនជាមួយទីក្រុងប៉េកាំង ហើយដូចទៅនឹងចិនដែរ រូបលោកបានចោទប្រកាន់ លោក Lai មានគោលដៅគាំទ្រចង់ឱ្យប្រកាស​ឯករាជ្យជាផ្លូវការសម្រាប់តៃវ៉ាន់។ រីឯលោក Lai បានចោទលោក Hou ថា ប្រកាន់និន្នាការគាំទ្រចិនទាំងស្រុង ប៉ុន្តែលោក Hou បដិសេធ។ ចំណែក លោក Ko វិញ ផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងស្រុកផ្ទាល់ ដូចជាតម្លៃផ្ទះសម្បែងកើនឡើងខ្ពស់ ជាដើម។ លោក Ko ក៏មានបំណងចង់​ធ្វើប្រាស្រ័យទាក់ទងឡើងវិញជាមួយចិនដែរ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វាមិនអាចសម្រេចទៅ ដោយប៉ះពាល់ដល់ការការពារប្រជាធិបតេយ្យ ​និងការរស់នៅរបស់ប្រជាជនតៃវ៉ាន់ ដាច់ខាត៕


No comments:

Post a Comment

Pages