(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ចិន ថាទីក្រុងវ៉ាស៊ីនតោន ប្រឆាំងទៅនឹងរាល់ការលូកលាន់ ឬការព្យាយាមដាក់ឥទ្ធិពលពីភាគីខាងក្រៅណាមួយលើការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី និងសភា របស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។
តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតសកលរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែមករា នាចុងសប្ដាហ៍នេះ ហើយការបោះឆ្នោតនេះទៀតសោត កើតមានឡើង ចំពេលដែលភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន មានភាពធូរស្រាលបន្តិច បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងស្ដារទំនាក់ទំនងយោធានឹងគ្នាឡើងវិញ នៅក្នុងជំនួបមួយនៅឯរដ្ឋ California កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិនឈរនៅខាងភាគីណាមួយ នៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ទេ ហើយក៏មិនមានបេក្ខជនមេដឹកនាំតៃវ៉ាន់ជាទីពេញចិត្តនោះដែរ។ មន្ត្រីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងប្រឆាំងនឹង រាល់ការលូកលាន់ ឬការដាក់ឥទ្ធិពលលើការបោះឆ្នោតរបស់តៃវ៉ាន់ពីភាគីខាងក្រៅណាមួយ។ មិនថានរណាជាប់ឆ្នោតនោះទេ ក៏គោលនយោបាយរបស់ យើងចំពោះតៃវ៉ាន់ នឹងនៅតែដដែល រីឯភាពរឹងមាំនៃទំនាក់ទំនងក្រៅផ្លូវការរបស់យើងក៏នឹងនៅតែបន្តផងដែរ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់ បើទោះជាមិនមានទំនាក់ទំនងផ្លូវការជាមួយ ដែនកោះមួយនេះដែលត្រូវបានចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនក៏ដោយ៕
No comments:
Post a Comment