លោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគ២ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគ២

(កំពង់ចាម)៖ លោកសន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៤នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ ២ (ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ)។ ពិធីបើកយុទ្ធនាការនេះ ត្រូវបានធ្វើឡើងនៅបរិវេណសួនច្បារ មុខសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឈរឈោ្មះជាប្រធានព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ នៃអំណាចនីតិប្បញ្ញត្តិ។

លោកបន្ដថា នៅភូមិភាគទី២ (ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ) មានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺមានគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយ ៣ផ្សេងទៀត បានធ្វើសកម្មភាពនៅមូលដ្ឋាន ប្រកបដោយបរិយាកាស សេរី អហិង្សា និងមានការថែរក្សាសុវត្ថិភាពយ៉ាងល្អ ពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់។

ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ខាងមុខនេះ គឺពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏សារៈសំខាន់បំផុត ពីព្រោះថាថ្វីត្បិតតែការបោះឆ្នោតអសកលក៏ពិតមែន ប៉ុន្តែសូមយើងទាំងអស់គ្នាចងចាំថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឈរឈ្មោះជាប្រធានព្រឹទ្ធសភា ដូច្នេះសំឡេងនៃអង្គបោះឆ្នោតរបស់យើង គឺពិតជាមានអត្ថន័យបំផុត និងមិនអាចកាត់ថ្លៃបាន។

លោកសន្តិបណ្ឌិត នេត សាវឿន បានយកឱកាសនោះ ផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតផងដែរ។

ជាមួយគ្នានោះ លោកសន្តិបណ្ឌិត នេត សាវឿន បានអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសម្រាប់អង្គបោះឆ្នោត ក្នុងគោលដៅបង្កើតបានបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌៕

No comments:

Post a Comment

Pages