តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូងនៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ។
នៅវេលាម៉ោង ២២៖១៥នាទីយប់មិញ មន្ត្រីជំនាញ ក.ប.ប បានសហការជាមួយមន្ត្រីពាក់ព័ន្ធ បានកាត់សៀលរថយន្តកុងតឺន័រទាំង៤គ្រឿងនេះមកត្រួតពិនិត្យមានលទ្ធផលជាប្រភេទជើងមាន់ រួមមាន៖
ទី១៖ កុងតឺន័រលេខ SZLU9430540 (45) មានសីតុណ្ហភាព-៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)
ទី២៖ កុងតឺន័រលេខ SZLU9415762(45′) មានសីតុណ្ហភាព-២.៩ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)
ទី៣៖ កុងតឺន័រលេខ HMMU5490786(45) មានសីតុណ្ហភាព-៦.៤ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)
ទី៤៖ កុងតឺន័រលេខ HDMU5591398(45) មានសីតុណ្ហភាព-២.៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។
ក្រោយពិសោធន៍ដោយរថយន្តចល័តពិសោធន៍ម្ហូបអាហាររបស់ ក.ប.ប ជាលទ្ធផលនៃសំណាកគំរូជើងមាន់ ដែលបានដកចេញពីទូកុងតឺន័រទាំង៤ឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN។ បន្ទាប់ពីបានពិនិត្យរួច សមាសភាពបានសម្រេចបិទសៀលទូកុងតឺន័រវិញ។
លោក ហេង សំបូរ ប្រធានសាខាគយរដ្ឋាករខេត្តស្វាយរៀង បានបញ្ជាក់ថា ទំនិញជើងមាន់ទាំងនេះ ជាទំនិញដឹកឆ្លងកាត់ ហើយគ្រោងនាំចូលទៅវៀតណាមវិញ។
សូមបញ្ជាក់ថា សមត្ថកិច្ចចាប់ឃាត់រថយន្តកុងតឺន័រចំនួន៤គ្រឿង ដែលសង្ស័យថាដឹកសាច់បង្កកកាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង តាមបទបញ្ជារបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង។
ករណីឃាត់បាននេះ បានធ្វើឡើងដោយមានការសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រី ក.ប.ប សាខាខេត្តស្វាយរៀង៕
No comments:
Post a Comment