ខេត្តកំពង់ធំ៖ រថយន្តរដ្ឋមួយគ្រឿងដែលគេអះអាងជាកម្មសិទ្ធរបស់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រើប្រាស់នោះ បានបង្កគ្រោះថ្នាក់ចរាចណ៍បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុនេះនៅម៉ោងប្រមាណ១៦និង៣៧នាទីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ០៦ ចំណុចច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពនៅទីនោះឲ្យដឹងថា៖ ជនរងគ្រោះទី១ មានឈ្មោះ ឆាំ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្ត កំពង់ធំ អ្នកបើកបរម៉ូតូម៉ាកឌ្រីមសង់C125ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1O2302 ស្លាប់ភ្លាមៗនៅកន្លែង និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ផាត.សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ជាអ្នករួមដំណើររបួសធ្ងន់។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា៖ រថយន្តបង្កម៉ាកត្រៃតុនពណ៌ខ្មៅ ផ្លាកលេខរដ្ឋ១៧.២.០៧២៥ បើកបរដោយឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៥ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រាជធានីភ្នំពេញមុខរបរប្រធានរដ្ឋបាលបាលព្រៃឈើកំពង់ធំ ត្រូវបានឃាត់ខ្លួនមកអធិការរដ្ឋាននគរបាលស្រុកសន្ទុក។
ដោយឡែកប្រភពខ្លះទៀតបង្ហើបថា អ្នកបើកឡានបុកមនុស្សស្លាប់នេះ មិនមែនលោកប៊ុន សុធី នោះទេ គឺជាតៃកុងឡានរបស់គាត់ឈ្មោះខឹម នួន រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ប៊ុន សុធី បានទេ៕ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ បើមានសមីជនណា គិតថាជាព័ត៌មានមិនពិត មិនសុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំ រង់ចាំបកស្រាយជូនរៀងរាល់ម៉ោងធ្វើការ។
No comments:
Post a Comment