(ភ្នំពេញ)៖ ក្នុងគោលបំណងអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីកុំឱ្យមានយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅបន្តបើកបរលើដងផ្លូវ ដែលជាហេតុនាំឱ្យមានការខូតខាតផ្លូវមុនអាយុកាល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់វប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា។
លោក ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួតបញ្ជាក់ដែរថា ការរៀបចំសិក្ខាសាលានៅថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងផ្នែកច្បាប់ និងបច្ចេកទេសផ្លូវថ្នល់ពាក់ ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនដល់មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកលើការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងភាគី ពាក់ព័ន្ធ រួមមាន សមាគមដឹកជញ្ជូន និងក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។
ស្របជាមួយគ្នានោះដែរលោក ប៉េង ពោធិ៍នា ក៏បានរំលឹកដែរថា នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជ លើកទី១៩ កន្លងទៅសម្តេចបវរធិបតីនាយករដ្ឋមន្តី បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជួន ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវដែលអាចប្រើប្រាស់បានសម្រាប់ការ ដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី ៤០តោន ទៅដល់ ៤៥តោន។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានបញ្ជាក់ដែរថា ក្នុងន័យរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជួន លោកក៏បានណែនាំឱ្យបង្កើតក្រុមការងារចំពោះកិច្ចមួយ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យថ្លឹងថ្លែង និងផ្ទៀងផ្ទាត់ទាំងលក្ខណៈបច្ចេកទេស និងការអនុវត្ត ដូចជា ការប្រៀបធៀបនឹងប្រទេសជិតខាង និងប្រទេសក្នុងតំបន់ ដើម្បីពិនិត្យ កែសម្រួលនិងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមលក្ខណៈបច្ចេកទេសឱ្យមានសង្គតិភាពទៅនឹងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូន។
ដើម្បីចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ ក៏បានអភិវឌ្ឍជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឆ្លើយតបនឹងកត្តាប្រជាសាស្ត្រ និងវិវឌ្ឍន៍ផ្នែកនគរូបនីយកម្ម ដោយគិតមកដល់បច្ចុប្បន្ន ផ្លូវ ជាតិ និងផ្លូវខេត្ត ដែលបានសាងសង់រួចមានចំនួន ៨៥០ខ្សែ ប្រវែងសរុប ២០ ០១៦ គីឡូម៉ែត្រ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលកំណត់នូវគោលបំណងសំខាន់ៗរួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (២) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (៣) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក (៤) ជំរុញ និងលើកកម្ពស់ហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ។
ជាមួយគ្នានោះដែរ លោក ប៉េង ពោធិ៍នា ក៏បានស្នើដល់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់បន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីកែលម្អចំណុចខ្វះខាត និងបញ្ហាប្រឈមនានា និងសូមបន្តយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អ ប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស បន្តការដឹកនាំ គ្រប់គ្រង និងចុះអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ៕
No comments:
Post a Comment