ទីតាំងទូហ្គេមបាញ់ត្រីខ្នាតយក្សដុះស្លែយូឆ្នាំហើយ ស្ថិតនៅសង្កាត់ចោមចៅ៣ មិនទាន់មានការបង្ក្រាបទាល់តែសោះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីតាំងទូហ្គេមបាញ់ត្រីខ្នាតយក្សដុះស្លែយូឆ្នាំហើយ ស្ថិតនៅសង្កាត់ចោមចៅ៣ មិនទាន់មានការបង្ក្រាបទាល់តែសោះ

 



(ភ្នំពេញ) ៖ បច្ចុប្បន្នជាកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ គឺជាបទល្មើសល្បែងស៊ីសង (ទូហ្គេមបាញ់ត្រី) ដែលតែងតែបង្កនូវហានិភ័យជាច្រើនចេញពីប្រភពល្បែងស៊ីសងទាំងនោះ តួយ៉ាងដូចជាល្បែងស៊ីសងស្ថិតនៅទីតាំងខាងលើ ជារបស់ជនជាតិចិន ស្ថិតនៅតាមបណ្ដោយផ្លូវ១១៣K ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចចុះធ្វើការបង្ក្រាបទាល់តែសោះ នេះបើតាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មាន «RTN» បានទទួលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

យោងតាមប្រភពព័ត៌មាន ដែលអង្គភាពព័ត៌មាន «RTN» បានទទួលឲ្យដឹងថា ៖ ទីតាំងបទល្មើសល្បែងស៊ីសង (ទូហ្គេមបាញ់ត្រី)មួយនេះ បានបើកលួចលាក់បង្កប់ជាយូណាស់មកហើយ ដោយមានការដាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ្នកញៀនល្បែងទូហ្គេមបាញ់ត្រី ដែលមិនត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យមជ្ឈដ្ឋានទូទៅមានចម្ងល់ហេតុអ្វីអាចដំណើរការយ៉ាងរលូនបែបនេះ ឬមានអ្នកធំណានៅពីក្រោយឬយ៉ាងណា? មូលដ្ឋានសង្កាត់ចោមចៅ៣នេះ ពលរដ្ឋយល់ថា បើបើកលេងល្បែងមានទីតាំងខ្នាតធំបែបនេះ គឺពិតជាមិនធម្មតានោះទេ ប្រាកដជាមានអ្នកធំ ឬអ្នកមានអំណាចណាម្នាក់នៅក្រោយខ្នងហើយមើលទៅ។

កាលឆ្នាំកន្លងកន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ដោយបានថ្លែងសារជាសម្លេងបញ្ជាទៅអភិបាលរាជធានី-ខេត្ត និងនគរបាល ឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ដែលបើកឱ្យមានលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមមូលដ្ឋានរបស់ខ្លួន ខណៈអភិបាលរាជធានី-ខេត្ត ឬមន្ត្រីនគរបាលណាដែលមិនបានអនុវត្តតួនាទីរបស់ខ្លួន ត្រូវដកតំណែងតែម្ដង។

នៅរាជរដ្ឋាភិបាលថ្មីអាណត្ដិទី៧នេះ ប្រជាពលរដ្ឋសង្ឃឹមថា អភិបាលរាជធានី ខេត្ត និងនគរបាល នឹងស្ដាប់ដំបូន្មានរបស់ថ្នាក់ដឹកនាំ ជាពិសេស អាចបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានបានដោយរលូន និងមិនក្លាចអំណាចរបស់អ្នកមានអំណាចណាម្នាក់បន្ដទៀតទេ ព្រោះកាលណាមានល្បែងស៊ីសង បទល្មើសក្នុងភូមិឃុំទាំង៩ចំណុច ប្រាកដជាកើតមានជាក់ជាពុំខានឡើយ៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តាមរបបសារព័ត៌មានតែប៉ុណ្ណោះ សូមអរគុណ៕






No comments:

Post a Comment

Pages