នៅរសៀលថ្ងៃទី០៨ ខែមីនាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកនិងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងព្រះមន្ត្រីសង្ឃស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារលោកគួន ដែក និងប្រពន្ធឈ្មោះ ទុំ នឿន អាយុ៨០ ឆ្នាំរស់នៅក្នុងភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានរងគ្រោះដោយសារអគ្គីភ័យលេបត្របាក់ផ្ទះទាំងស្រង់។
ថ្លែងនៅក្នុងឱកាសនេះលោកបានសម្ដែងនូវសមានុចិត្តចូលរួមសោកស្ដាយជាមួយម្ចាស់ផ្ទះដែលបានបាត់បង់នូវគេហដ្ឋានជាទីស្រឡាញ់និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តនិងលោកជំទាវ ដែលលោកទាំងពីរតែងតែគិតគូរដល់សុខទុក្ខ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់ពេលវេលា ជាពិសេសនៅក្នុងគ្រាលំបាក និង ជួបគ្រោះភ័យផងទាំងឡាយ ហើយអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូដ្ឋានសូមប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យក្នុងដូវប្រាំងក្តៅហួតហែងនេះ។
ជាមួយគ្នានេះលោកវរៈសេនីយ៍ទោ ជឹម រីណាអធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទោងបានឲ្យដឹងថាផងដែរថា ផ្ទះឆេះខាងលើមានទំហំ ៤×៥ម៉ែត្រ ធ្វើពីឈើ ហើយត្រូវបានអគ្គីភ័យឆាបឆេះនៅម៉ោង៩.៥២នាទី កាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយសារឆ្លងចរន្តអគ្គិសនី ហើយបានខូចខាតទ្រព្យសម្បត្តិជាច្រើននិងផ្ទះសម្បែងទាំងស្រុង ហើយរថយន្តអន្តរាគមន៍ពន្លត់អគ្គីភ័យក៏បានត្រឡប់មកអធិការដ្ឋាននគរបាលស្រុកស្ទោងវិញក្រោយពីទៅដល់ពាក់កណ្ដាលផ្លូវ។
គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះខាងលើទទួលបាននូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនព្រមទាំងថវិកា៤០ម៉ឺនរៀលពីលោកអភិបាលស្រុក ហើយលោកបានសន្យានឹងជួយធ្វើផ្ទះថ្មីជូនជនរងគ្រោះនិងចេញថ្លៃព្យាបាលរបួសផងដែរ។
No comments:
Post a Comment