(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះ នូវផែនការនាំយកស្បៀងអាហារ ក៏ដូចជាជំនួយផ្សេងៗទៀត ទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ជាលើកដំបូងតាមរយៈការប្រើយន្តហោះទម្លាក់ពីលើអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។
លោក បៃដិន បានប្រាប់ថា ប្រតិបត្តិការខាងលើនឹងចាប់ផ្តើម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែលោកមិនបានផ្តល់ខ្លឹមសារលម្អិតអ្វីទៀតឡើយ។ ប្រទេសដទៃទៀត រួមមានហ៊្សកដានីនិងបារាំង គឺបានធ្វើរួចហើយនូវប្រតិបត្តិការនាំយកជំនួយ តាមរបៀបនេះ ចូលទៅកាន់តំបន់ Gaza។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានអះអាងថា ការផ្តល់ជំនួយតាមមធ្យោបាយដូចខាងលើ នឹងជាកិច្ចប្រឹងប្រែងបន្តទៅមុខដោយជាប់លាប់ មិនមែនជាការធ្វើតែម្តងហើយចប់ទៅវិញនោះទេ។ បើតាមលោក Kirby ជំនួយដំបូងដែលនឹងត្រូវទម្លាក់ពីលើអាកាស ទំនងជាស្បៀងអាហារ។
គួរបញ្ជាក់ថា យោងតាមការបង្ហើបពីក្រុមមន្រ្តីអាមេរិក ប្រតិបត្តិការទម្លាក់ជំនួយពីលើអាកាសរបស់អាមេរិក អាចចាប់ផ្តើមបើឆាប់បំផុត គឺនៅចុងសប្តាហ៍នេះតែម្តង។ លោក បៃដិន បានឱ្យដឹងថា សហរដ្ឋអាមេរិក ក៏កំពុងសិក្សាលើលទ្ធភាព នៃការបង្កើតច្រករបៀងដែនសមុទ្រ ដើម្បីនាំយកជំនួយក្នុងទ្រង់ទ្រាយធំ ចូលទៅកាន់តំបន់ Gaza ផងដែរ។ បើតាមការិយាល័យ UN ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ មនុស្សយ៉ាងហោច៥៧៦,០០០នាក់ នៅតំបន់ Gaza ឬស្មើនឹង១ភាគ៤ នៃប្រជាជនសរុបរបស់ដែនដីប៉ាឡេស្ទីនមួយនេះ កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ស្របពេលដែលជនជាតិប៉ាឡេស្ទីន កំពុងប្រឈមស្ថានការណ៍កាន់តែលំបាកខ្លាំងទៅៗ ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕
No comments:
Post a Comment