នៅព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន ២៩៣៨នាក់ ស្មើនឹង ៥១៦៦ករណី ស្ថិតនៅក្នុងបរិវេណ បឋមសិក្សា-អនុវិទ្យាល័យហ៊ុនសែនគ្រើលអណ្តូងពោធិ៍។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់ ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបមានចំនួន ២៩៣៨នាក់ ស្មើនឹង ៥១៦៦ ករណី។ ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៧៧នាក់។ រាល់ការចំណាយទាំងអស់ ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់ ។
ក្នុងឱកាសនេះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកជូននៅកាបូប ស្ពាយ ទៅដល់សិស្សានុសិស្សមួយចំនួនទៀតផងដែរ ៕
No comments:
Post a Comment