សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់ នៅតែបន្តមានក្នុងខេត្តកំពង់ឆ្នាំងក្នុងរដូវបិទនេសាទ ពលរដ្ឋថាឈ្មួញល្មើសមានជំនាញខ្លាំងលើសសមត្ថកិច្ច - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់ នៅតែបន្តមានក្នុងខេត្តកំពង់ឆ្នាំងក្នុងរដូវបិទនេសាទ ពលរដ្ឋថាឈ្មួញល្មើសមានជំនាញខ្លាំងលើសសមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង៖ សកម្មភាពឈ្មួញប្រមូលទិញលៀសខុសច្បាប់ ដែលក្រុមអ្នកនេសាទដឹកតាមទូកខ្នាតធំយកមកឡើងនៅតាមបណ្តាទីតាំងមួយចំនួន តាមជួរមាត់ទន្លេក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេង ទោះបីជាមានសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទពីក្រសួងកសិកម្មរក្ខាប្រម៉ាញ់ និងនេសាទ ក៏ដោយ។
ប្រភពឲ្យដឹងថានៅថ្ងៃទៅ១០ ខែមិថុនា ឆ្នាំ២០២៤ សកម្មភាពទាំងនេះមានការបោះតង់ សម្រាប់រងចាំប្រមូលទិញលើកដាក់ឡានឆ្លងទៅលក់បន្តនៅប្រទេសជិតខាង ត្រង់ចំណុចព្រែកត្រពាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាទីតាំងថ្មីចល័តរបស់ក្រុមឈ្មួញ) និងចំណុចវត្តថ្នល់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ស្រុករលាប្អៀរ (ជាទីតាំងចាស់គ្រប់រដូវកាលរបស់ក្រុមឈ្មួញ) ។ ទាក់ទិនករណីខាងលើនេះភ្នាក់ងារយើងបានព្យាយាមទំនាក់ទំនងទៅលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងប៉ុន្តែមិនលើកទូរសព្ទ ដោយឡែកលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ឆ្លើយតបថាចាំឲ្យក្រុមការងារទៅមើលសកម្មភាពនេះ ប៉ុន្តែប្រភពនៅទីតាំងនោះបញ្ជាក់ថាមិនឃើញមានកម្លាំងសមត្ថកិច្ចជំនាញ មកចុះពិនិត្យ និង

អនុវត្តន៍តាមច្បាប់ស្តីពីជនផលនោះឡើយ។ដែលសកម្មភាពនេះតើជាការឆ្លុះបញ្ចាំងពីភាពកម្សោយរបស់សមត្ថកិច្ចជំនាញ? ឬក្រុមឈ្មួញមានចំណេះជំនាញខ្លាំងជាងសមត្ថកិច្ច? ព្រោះបទល្មើសទាំងនេះនៅក្បែរភ្នែក ច្រមុះ សមត្ថកិច្ចជំនាញស្រាប់ ហើយក៏បង្ហាញចេញរូបភាពច្បាស់ៗ មិនដូចជារាវម្ជុលនៅបាតទន្លេនោះទេ។ ផ្ទុយពីការយកចិត្តទុកដាក់របស់ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពខេត្តដែលកន្លងមកតែងតែចាត់ក្រុមការងារ ចុះពិនិត្យ ទប់ស្កាត់ជាប្រចាំ ករណីឈ្មួញលៀសខុសច្បាប់ទាំងនេះ និងបទល្មើសផ្សេងៗមិនឲ្យកើតមានក្នុងខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ថាលៀសចម្រុះទាំងអស់នោះ ត្រូវបានគេដឹកចេញមកពីតំបន់ទន្លេ នៃខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលក្រុមឈ្មួញបានធ្វើសកម្មភាពអូសកាវ តាំងពីរដូវបិទនេសាទរហូតដល់រដូវបើក ដោយអ្នកនេសាទលៀសទាំងនោះបានប្រើនូវឧបករណ៍កាវលៀសវែងៗចូលក្នុងបាតទន្លេ ប្រើម៉ាស៊ីនចាប់ពី៤ទៅដល់៦ម៉ាស៊ីន ដែលច្បាប់ស្ដីពីជលផលមិនអនុញ្ញាតនោះឡើយ។ព្រោះថា ការប្រើឩបករណ៍បែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយ ហើយក្លាយជាចំណីរពពួកត្រីធំៗជាច្រើនប្រភេទ ដូចជាប្រភេទត្រី ប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំ ជាដើម ម៉្យាងទៀតការនេសាទបែបនេះធ្វើឲ្យល្អក់ទឹក ប៉ះពាល់ដល់បរិស្ថានផងដែរ។
ទន្ទឹមគ្នានេះប្រជាពលរដ្ឋដែលស្រឡាញ់វិស័យធនធានធម្មជាតិសំណូមពរអាជ្ញាធរថ្នាក់ជាតិ ដែលកន្លងមកបានចុះអនុវត្តន៍ កិច្ចការងារបង្កា បង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ យ៉ាងមានប្រសិទ្ធភាព សូមបញ្ជូនក្រុមការងារពិនិត្យស្រាវជ្រាវ ករណីជម្ងឺរ៊ាំរ៉ៃដដែលៗពាក់ព័ន្ធករណីខាងលើ ជាពិសេសអធិការកិច្ចចំពោះបុគ្គលមន្ត្រីអសកម្មក្នុងការអនុវត្តច្បាប់ស្តីពីជលផលមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បើពុំដូចនោះទេ មច្ឆៈជាតិនឹងជីវៈចម្រុះនានា ត្រូវវិនាសហិនហោចពីផ្ទៃបឹងទន្លេសាបមិនខានឡើយ៕








No comments:

Post a Comment

Pages