ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនវស្សានិងទេយ្យទាន ព្រមទាំងបរិក្ខា និងបច្ច័យ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំ មកវេរប្រគេនព្រះសង្ឃចំនួន៩វត្តដែលគង់ចាំព្រះវស្សានៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ទាំងនេះសឲ្យឃើញពីការនឹករលឹក និងការយកចិត្តទុកដាក់របស់ឯកឧត្តមក្នុងនាមជាប្រធានក្រុមការងារ និងជាពុទ្ធសាសនិក ក្នុងការរួមចំណែកលើកកម្ពស់វិស័យពុទ្ធសាសនា និងសន្សំនូវបុញ្ញនិធិ សម្រាប់ជាតិនេះនិងអនាគតជាតិ ព្រមទាំងផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ថែមទាំងរឹតចំណងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោងនិងព្រះសង្ឃ ព្រមទាំង ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំង ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែ នឹករលឹក គិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា ជាពិសេសលោកបានកសាងនូវផ្លូវបេតុងប្រវែង ១១គីឡូម៉ែត្រ នៅក្នុងឃុំចំណាលើ ដែលជាចំណងដៃមិនអាចកាត់ថ្លៃបាន ដែលក្នុងកំពុងដំណើរការសាងសង់សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើដំណើរ ដឹកកសិផល និង សិស្សានុសិស្សទៅសាលារៀនមានការងាយស្រួល ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស និងសមិទ្ធផលផ្សេងៗទៀតជាច្រើនក្នុងការរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋានស្រុកស្ទោង ឲ្យកាន់តែមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនេះលោករដ្ឋមន្ត្រី បានប្រគេននូវ ទៀនចំណាំវស្សា បរិក្ខា និងទេយ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំជូនវត្តទាំង៩គឺ លើសពីនេះវត្តទាំងអស់ក្នុងស្រុកស្ទោង ក្នុង១ឃុំ ៤លានរៀលគ្រប់ឃុំ ហើយក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនជើងប្រគេនបន្ថែមនូវថវិកា ២លានរៀល ឃុំរុងរឿង២លានរៀល និងឃុំសំព្រោជ ១លានរៀល ដល់វត្តនៅក្នុងឃុំជាមូលដ្ឋានរបស់ខ្លួនផងដែរ។
No comments:
Post a Comment