លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងសម្ព័ន្ធនាំចេញម្ហូបអាហារនិងកសិកម្ម (Food and Agriculture Export Alliance “FAEA”) ក្រោមកិច្ចឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (US Department of Agriculture “USDA”)។
ថ្លែងនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើន ដែលក្នុងនោះច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវ សង្គតិភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ព្រមទាំងបំពេញតាមកាតព្វកិច្ចរបស់កម្ពុជាជាសមាជិកអង្គការតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ និងច្បាប់សំខាន់ៗជាច្រើនទៀតផងដែរ។
ជាការលើកកម្ពស់កិច្ចសហការសម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព” លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវគំនិតបំផុសយោបល់មួយចំនួន ដូចជា៖
(១). ពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
(២). ការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រឹតតែដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យនិងភូតគាមអនាម័យ ”របស់អង្គការ WTO។
(៣). ភាពចាំបាច់ក្នុងការធានាបានថា វិធានការនានាពាក់ព័ន្ធគុណភាព សុវត្ថិភាព ជាពិសេស វិធានការ SPS មិនត្រូវបានអនុវត្តក្នុងលក្ខណៈ រើសអើងដោយគ្មានយុត្តិកម្ម ឬភ័ស្តុតាងបែបវិទ្យាសាស្រ្តនិងការវាយតម្លៃហានិភ័យត្រឹមត្រូវ ឬជាវិធានការរឹតត្បិតពាណិជ្ជកម្មអន្តរជាតិបែបបំភាន់ ដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀងអាហារក្នុងតំបន់ និងសកលលោក។
(៤). ការពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលគ្រង់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្អូបអាហារ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមាន តាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ។
ពីពិធីនោះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ប្រធានបទសុវត្ថិភាពម្ហូបអាហារ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយ ដែលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគុណភាព សុវត្ថិភាពម្ហូបអាហារ (ចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ) ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធីជាតិសម្រាប់អនុវត្តនិងវិភាគ ដើម្បីគ្រប់គ្រងហានិភ័យ ដែលអាចកើតមាននៅគ្រប់ខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ ព្រមទាំងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុវត្ត និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់៕RTN
No comments:
Post a Comment