ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានដឹកនាំមន្ដ្រីក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋាន រដ្ឋបាល និង ហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៥៩ឆ្នាំ ស្ថិតនៅបុរីប៉េងហួត បឹងស្នោរ គម្រោងទី២ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិត បាននាំយកបច្ច័យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារនៃសព ដែលបាត់បង់ ឧត្ដមស្វាមី លោកឪពុក បងប្រុស ប្អូនប្រុស លោកពូ និងអ៊ុប្រុស ដែលជាអ្នកជាទីគោរពស្រឡញ់ជាទីបំផុត និងចូលរួមសោកស្ដាយជាអណែក ចំពោះការបាត់បង់នូវធនធានមនុស្សដ៏ល្អផូរផង់ ដែលតែងតែលះបង់ចូលរួមបំរេីជាតិមាតុភូមិនៃកម្ពុជា។
ក្នុងឱកាសដាក់កម្រងផ្កា ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ ពិតជាមានសេចក្ដីតក់ស្លុត ក្ដុកក្ដួល និងស្ដាយស្រោះ អាឡោះអាល័យ ជាពន់ពេក ចំពោះការបាត់បង់នូវបងប្រុស មិត្តរួមការងារ នៅក្រសួងព័ត៌មាន។
ឯកឧត្ដមបណ្ឌិត សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្ដម លី វ៉ាន់ហុង សូមទៅកាន់បរមសុខ ក្នុងសុគិតភាពខាងមុខកុំបីឃ្លៀងឃ្លាតឡើយ។
No comments:
Post a Comment