ខេត្តកំពង់ធំ ៖កាលពីព្រឹកថ្ងៃទី ០១ខែកក្កដា ឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងរៀបចំធ្វើផ្ទះថ្មីមួយខ្នងជូន អ្នកស្រី ប៊ន ទន អាយុ ៧០ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកគ្រួសារ២នាក់ រស់នៅក្នុងភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងមានជីវភាពខ្វះខាតខ្លាំង ហើយផ្ទះដែលកំពុងរស់នៅសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំង។
ជាមួយគ្នានេះ លោកបានណែនាំដល់អាជ្ញាធរឃុំចំណាលើ ត្រូវសហការគ្នា បង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ជីវភាពពលរដ្ឋដែលមានជីវភាពក្រីក្រ គឺត្រូវចុះជួបជួយផ្ទាល់នៅតាមភូមិមូលដ្ឋានខ្នងផ្ទះ ដើម្បីបានជួបយល់នូវស្ថានភាពជាក់ស្ដែងទើបអាចជួយពួកគាត់បានទាន់ពេលវេលា គឺមិនត្រូវទុកឲ្យពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនដឹងនោះឡើយ។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំចំណាលើ ត្រូវចេះកៀរគរមូលធន សប្បុរជនជិតឆ្ងាយដើម្បីបានមូលនិធិ និងធនធាន សម្រាប់អភិវឌ្ឍន៍មូលដ្ឋានជាាពិសេសេអាចចូលរួមជួយដល់គ្រួសារទីទាល់ក្របានមួយចំនួនផងដែ។
ក្នុងឱកាសនោះ លោកបានចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារផងដែរ ដែលមួយគ្រួសារៗ ទទួលបាននូវ អង្ករមួយបេ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ ថវិកា ៥ម៉ឺនរៀល និងសារុង១ផង លើសពីនេះលោកយាយ ប៊ន ទន ទទួលបាននូវគ្រឿងឧបភោគបរិភោគនិងថវិការបស់លោកគ្រូអ្នកគ្រូកម្រងខ្មាក់ ស ស យ ក ឃុំចំណាលើចំនួន ១៦ម៉ឺនរៀលនិងបន្លុងមួយឈុត របស់ព្រះគ្រូចៅអធិការវត្តប្រាសាទបី និងលោកយាយ ឆឺន ណូ នូវថវិកា១១ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ផងដែរថា ផ្ទះថ្មីដែលត្រូវសាងសង់ជូន លោកយាយប៊ន ទន មានទំហំ ៦ គូនឹង ៤ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី នៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
No comments:
Post a Comment