គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី៖ “កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ។ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានការអញ្ចើញចូលរួមជាអធិបតីពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តធម៌ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុង គោលបំណងបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃ ការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ តាមរយៈស្មារតីនៃកិច្ចសហប្រតិបត្តិនេះ អ.ដ.ក. នឹងសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងនីតិវិធីបញ្ចប់ជាស្ថាពរនូវវិវាទ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជូនប្រជាពលរដ្ឋដោយជោគជ័យ ដោយមេធាវី ពោលគឺ មេធាវីអាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យមកស្នើសុំឱ្យ អ.ដ.ក. ទទួលស្គាល់ និងរៀបចំផ្តល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសេចក្តីសម្រេចស្ថាពររបស់តុលាការ ដូចករណីវិវាទដែលបានដោះស្រាយបញ្ចប់ក្នុងក្របខ័ណ្ឌ អ.ដ.ក. ផងដែរ។ជាងនេះទៅទៀតស្ថាប័នទាំងពីរនឹងសហការ រៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការជាពិសេសពង្រឹង និងលើកកម្ពស់ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ជូនសាធារណជន និងមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាន គណៈមេធាវី លី ច័ន្ទតុលា បានបង្ហាញសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយស និងសេចក្តីទុកចិត្តដល់គណៈមេធាវី ដើម្បីក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹងចូលរួមសម្រេចឱ្យបានកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធច្បាប់ ប្រព័ន្ធយុត្តិធម៌ សង្គមនីតិរដ្ឋ ប្រកបដោយភាពសុខុដុមរម្យនា និងសន្តិភាព ៕ជា រដ្ឋា
No comments:
Post a Comment