ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានពន្យល់យ៉ាងច្បាស់ជូនដល់ជនរួមជាតិថា ការផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផ្ទាល់ មិនមែនជាមហិច្ឆតារបស់វៀតណាម ដូចការវិភាគគ្មានមូលដ្ឋានរបស់លោក ជេម សុខ នោះឡើយ។ ម្យ៉ាងវិញទៀត សម្ដេចតេជោក៏បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះផ្តួចផ្តើមដោយវៀតណាម។
ការបញ្ជាក់របស់សម្តេចតេជោ ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ជុំវិញតំបន់អភិវឌ្ឍន៍ត្រីកោណនេះ លោក ជេម សុខ បានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមតាំងពីឆ្នាំ១៩៩៥ ការនិយាយបែបនេះគឺគ្មានភស្ដុតាង ដោយគ្មានការអៀនខ្មាស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផ្ទាល់ មិនដូចការវិភាគខុសដោយគ្មានមូលដ្ឋានរបស់លោក ជេម សុខ នោះឡើយ។ សម្ដេចតេជោក៏បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះផ្តួចផ្តើមដោយវៀតណាម។
សម្ដេចតេជោ បានថ្លែងថា ប្រសិនបើអ្នកគ្រាន់បើ អ្នកអាចធ្វើសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ធ្វើទេ ជាពិសេសខ្ញុំចង់និយាយទៅដល់ ជេម សុខ តែម្ដង ដែលនៅយប់មិញនេះ ខ្ញុំបានមើលឃើញក្នុង YouTube ថាជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមពីឆ្នាំ១៩៩៥ និងមានការប្រជុំគ្នានៅប្រទេសឡាវនាឆ្នាំ១៩៩៥នោះ។ ប្រសិនបើប្អូន ជេម សុខ ហ៊ានធ្វើសម្បថត្រឹមតែឱ្យងាប់ឆ្កែមួយក្បាល ប្អូននឹងត្រូវចាត់ទុកជាអ្នកក្លាហាន ប៉ុន្តែបើប្អូនមិនហ៊ានធ្វើសម្បថទេ ប្អូននឹងចុះចាញ់ដោយខ្លួនឯង។
សម្ដេចតេជោបានស្នើឱ្យលោក ជេម សុខ ស្បថ ថតវីដេអូស្បថហើយ បញ្ជូនតាម YouTube ក៏បាន បញ្ជូណតាមតេឡេក្រាមដែលធ្លាប់ភ្ជាប់ជាមួយគ្នាក៏បាន។ តែយ៉ាងណា សម្តេចតេជោលែងប្រកាន់នឹងលោក ជេម សុខ ហើយ ព្រោះសម្តេចចាត់ទុកជាមនុស្សមានបញ្ហាសរសៃប្រសាទ និងជាមនុស្សកែមិនឡើង។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា លោក ជេម សុខ តាមដានសភាពការណ៍ប្រទេសជាតិមិនទាន់អ្នកបម្រើការក្នុងជួររាជរដ្ឋាភិបាលក្នុងប្រទេសនោះឡើយ មិនបាច់ធ្វើចេះគ្រប់រឿងនោះទេ។
សម្តេចតេជោបានពន្យល់ឱ្យដឹងថា គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺសម្ដេចតេជោផ្ទាល់ជាអ្នកផ្ដួចផ្ដើមគំនិត ហើយក្នុងពេលធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្ដេចតេជោក៏បានស្នើភាគីឡាវដើម្បីគាំទ្រគំនិតនេះ ដែលពេលនោះលោក ស៊ីសុវត្ថិ កែវប៊ុនផាញ់(Sisavath Keobounphanh) ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយនោះ គឺបានគាំទ្រនូវគំនិតនេះ។ បន្ទាប់ពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំមួយ ពេលនោះ សម្ដេចតេជោក៏បានស្នើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ វ៉ាន់ខាយ (Phan Van Khai)។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្ដេចតេជោបន្តថា នៅអំឡុងពេលសតវត្សទី២០ឆ្លងចូលសតវត្សទី២១ តំបន់ភាគឦសានរបស់កម្ពុជា ពិសេសខេត្តមណ្ឌលគិរី និងរតនគិរី នៅខ្ចីផ្លូវរបស់វៀតណាមប្រើប្រាស់នៅឡើយទេ ខណៈផ្លូវភាគច្រើនជាផ្លូវដី ដូច្នេះធ្វើឱ្យអាជីវករមួយចំនួនត្រូវធ្វើដំណើរចេញពីខេត្តទាំងនេះរបស់កម្ពុជាឆ្លងទៅខាងវៀតណាម ហើយបានចូលមកកម្ពុជាវិញតាមខេត្តស្វាយរៀង ឬតាមខេត្តកំពង់ចាម។ ដូច្នេះស្ថានទាំងនេះគឺបានលេចឡើងនូវភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការនៅតំបន់នោះ។
ទោះជាយ៉ាង គំនិតបង្កើតឱ្យមានតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ មិនមែនជាការកាត់ទឹកដីឱ្យអ្នកណានោះឡើយ ប្រទេសនីមួយៗពង្រឹងការការពារព្រំដែនរបស់ខ្លួន និងត្រូវមានកិច្ចសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ ពីព្រោះមកដល់ពេលបច្ចុប្បន្ន ផ្លូវគមនាគមន៍របស់កម្ពុជា ឡាវ និងវៀតណាម គឺមានល្អប្រសើររៀងខ្លួន ៕
No comments:
Post a Comment