ខេត្តពោធិ៍សាត់៖ យុទ្ធនាការដាំកូនឈើចម្រុះឡើងវិញ ៥ម៉ឺនដើម ជំហានទី១ លើផ្ទៃដីទំហំ ៤០ហិកតា នៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនប្រទេសអូស្ត្រាលី ស្ថិតក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងមានការចូលរួមពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងក្រសួងរ៉ែនិងថាមពល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ យុវជនគ្រប់ប្រព័ន្ធ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាង១០០០នាក់។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា យុទ្ធនាការនេះបានបង្ហាញអំពីគោលបំណងក្នុងស្មារតីបណ្តុះគំនិត«ពន្លកបៃតង»ឱ្យមានការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិដែលមានតម្លៃសម្រាប់សង្គមបរិស្ថាននិងជីវភាពសហគមន៍សម្រាប់អនាគតកូនចៅជំនាន់ក្រោយ។រុក្ខទិវាជាប្រពៃណីរបស់ប្រជាជាតិកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយម បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាតែងតែប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២ហើយឆ្នាំ២០២៤នេះសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តធ្វើនិងផ្តល់ ការគាំទ្រដល់អាជ្ញាធរមូលដ្ឋានរៀបចំពិធីរុក្ខទិវាជាបន្តបន្ទាប់។ ជាក់ស្តែងនៅត្រង់ចំណុចភ្នំ១៥០០ហៅថាផ្លូវអន្ទង់អាំង ឬផ្លូវបុផ្ផាលាក់ខ្លួន ក្រោមការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបានកំណត់គោលដៅដាំស្តាព្រៃឈើឡើងវិញចំនួន៥ម៉ឺនដើមលើ ផ្ទៃដី៤០ហិកតាជាការប៉ះប៉ូវពីការកាប់បំផ្លាញ និងដាំដុះជាព្រៃផ្តល់ខ្យល់អាកាសបរិសុទ្ធ សម្រាប់ជីវៈចម្រុះនិងជួយប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រគឺសួងរ៉ែនិងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានថ្លែងថា សកម្ម ភាពដាំកូនឈើចម្រុះ១៤មុខជំហានដំបូងនៅត្រង់ចំណុចផ្លូវអន្ទង់អាំង (ភ្នំ១៥០០)គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្តល់ ពហុប្រយោជន៍ជាច្រើនសម្រាប់មនុស្ស សត្វ និងភពផែនដីឱ្យរួចផុតពីគ្រោះមហន្តរាយនៃធម្មជាតិនានាដែលកំពុងកើតមានឡើងជា បន្តបន្ទាប់ក្នុងពេលបច្ចុប្បន្ននេះ។ជាទូទៅព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មហាសាល ការបាត់បង់ព្រៃឈើបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ គ្រោះរាំងស្ងួតនិង ឡើងកម្តៅភពផែនដីជាដើម។យ៉ាងណាមិញចំណុចផ្លូវអន្ទង់អាំងឬផ្លូវបុផ្ផាលាក់ខ្លួននៃភ្នំ១៥០០ត្រូវបានទទួលរងការកាប់បំផ្លាញព្រៃឈើទន្ទ្រានវាទីយកដីធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការស្នើសុំពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តសូមឱ្យរក្សាធនធានធម្មជាតិផ្លូវអន្ទង់អាំង ដើម្បីប្រែក្លាយទីតាំងនេះទៅជាតំបន់ទេសចរណ៍ធម្មជាតិនិងមកលេងកំសាន្តគ្រប់រដូវកាល។ ឯកឧត្តម បានលើកឡើងទៀតថា ដើម្បីធានាដល់កិច្ចការពារថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ដែលមាននៅក្នុងតំបន់អន្ទង់អាំងរាជរដ្ឋាភិបាលកម្ពុជាគឺពង្រឹងការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំង ប្រដាប់អាវុធ អង្គការដាំគូអភិវឌ្ឍន៍ វិស័យឯកជននិងប្រជាពលរដ្ឋ ដោយផ្អែកទៅតាមគោលនយោបាយនិងយុទ្ធសាស្ត្រជាតិដែល ផ្តោតលើសសរស្តមទាំង៣សំខាន់គឺស្អាត បៃតងនិងចីរភាព។យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរៀបចំឡើងក្នុងគោលដៅតម្រង់ទិសនិងចង្អុលបង្ហាញការងារអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាននិងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅទីនេះជាកា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍និងសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណគឺជា ប្រទេសអព្យាក្រឹតការបួននិងមានគម្របព្រៃឈើ៦០%នៅឆ្នាំ២០៥០។តាមរយៈនេះឯកឧត្តម រដ្ឋមន្ត្រីបានអំពាវនាវទៅដល់អាជ្ញាធរ ដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សរួមគ្នាដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនដែលអាចធ្វើទៅបានយ៉ាងហោចណាស់ដាំឱ្យបានមួយដើមក្នុងម្នាក់នៅតាមលំនៅឋាន ផ្លូវសាធារណៈ សាលារៀន វត្តអារាម ដីចំការ ដើម្បីជាលម្អ ជារបាំងការពារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ រុក្ខជាតិ និងបង្កើតនូវជីជាតិដីកសិកម្មនិងជួយទប់ស្កាត់ការបម្រែ បម្រួលអាកាសធាតុ។ ជាមួយគ្នានេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយទប់ស្កាត់និងបញ្ឈប់ការកាប់រុករានទន្ទ្រានដុត ឈូសឆាយដីព្រៃឈើ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ត្រូវចូលរួមថែរក្សា អភិរក្សធនធានធម្មជាតិព្រៃឈើនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ
ស្រុកវាលវែងនិងនៅតាមដងផ្លូវអន្ទង់អាំងឱ្យបាននូវធនធានព្រៃឈើស្រស់បំព្រងសម្រាប់ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តនិងទុកសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕ដោយលោក ដួង សុីថន
No comments:
Post a Comment