ខេត្តកំពង់ធំ៖នៅថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់ នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។
សូមជម្រាបថា ការដ្ឋានស្ដារស្ទឹងស្លាប់គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកកំពង់គោ ដែលមានការងារសំខាន់ៗដូចជា ស្ដារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ពីស្ទឹងសែននៅផ្នែកខាងលើនៃក្រុងស្ទឹងសែន ក្នុងសង្កាត់ស្រយ៉ូវ មានទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ មានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ និងមានបំពាក់សំណង់សិល្បការ្យតូចធំដូចជាសំណង់កាត់ស្ទឹង សំណង់ស្ទាក់ទឹក និងសំណង់បញ្ចេញបញ្ចូលទឹក សរុប១១៧កន្លែង។
សូមបញ្ជាក់ថា គម្រោងស្តារស្ទឹងស្លាប់មានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលជួយបញ្ចៀសហានិភ័យនៃការជន់លិចក្រុងស្ទឹងសែន និងតំបន់ជុំវិញ នារដូវវស្សាបានយ៉ាងមានប្រសិទ្ធភាព និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផល ដំណាំរួមផ្សំគ្រប់ប្រភេទនៅតាមដងស្ទឹងនារដូវប្រាំង និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់៕
No comments:
Post a Comment