ឯកឧត្តមបន្តថាវេទិកាសន្ទនាដែល សម្ព័ន្ធសង្គមស៊ីវិល រៀបចំធ្វើឡើងដោយទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយគ្នា ។ បន្ថែមពីលើនេះ ឆ្នាំនេះ វ.ស.ស. បានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តស្ទឹងត្រែងផងដែរ ។
ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តទៀតថារាជរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យអង្គការសង្គមស៊ីវិលទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសអង្គការសង្គមស៊ីវិល ។
ទន្ទឹមនោះ ឯកឧត្តមបានផ្តាំផ្ញើដល់អង្គការសង្គមស៊ីវិលឲ្យបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ននិងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន ។
លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែងបានគូសបញ្ជាក់ថា÷ការរៀបចំអង្គវេទិកាដ៏មានសារៈសំខាន់នេះគឺពិតជានឹងបានរួមចំណែកមួយផ្នែកទៀតក្នុងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបាននូវក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចបាននូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សំដៅកាត់បន្ថយនូវអត្រាភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ព្រមទាំងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ក្នុងការឆ្លើយតប ទៅនឹងរបៀបវារៈការដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ស្ថាប័នរដ្ឋបាលសាធារណៈ និងសុខដុមនីយកម្មនៃកិច្ចដំណើរការប្រព័ន្ធសេវាសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ៕
No comments:
Post a Comment