ស្វាយរៀង៖ ថ្លែងនៅក្នុងឱកាសបិណ្ឌទី ១១ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានជូនកាដូរអគារសិក្សា១ខ្នងស្មើនិង១៨បន្ទប់ ដែលចំណាយការសាងសង់ជិត២០មុឺនដុល្លា ដល់សាលាបឋមសិក្សាពោធិ៍ទន្ទឹម ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងឱកាសនាំទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃចំនួន៣វត្តរួមមាន៖ វត្តព្រៃធ្នង់ វត្តអង្គស្វាយ វត្តកក់ ស្ថិតក្នុងស្រុកស្វាយទាបនៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា,សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវពេជ ចន្ទមុន្នី ,សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងជូនដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាពុទ្ធបរិស័ទទាំងអស់ដែលបានមកកាន់បិណ្ឌវេនទី១១ ស្ថិតនៅក្នុងស្រុកស្វាយទាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសបញ្ជាក់ថា គុណតម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្មសាសនា និងការអភិវឌ្ឍ រីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ឯកឧត្តម បានបន្តថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។
នៅក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១នេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា និងក្រុមការងារទាំងអស់ ក៏បានបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍។
គូររំលេចថា ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃពិធីបុណ្យប្រពៃណី ជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ហើយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ហៅថាជាពិធីបុណ្យកាន់បិណ្ឌ និងថៃ្ង១៥រោច ជាពិធីបុណ្យភ្ជុំបិណ្ឌ៕
No comments:
Post a Comment