ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមផ្ដល់បទឧទ្ទេសនាម លើប្រធានបទស្ដីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើចូលរួមពីសិក្ខាកាម ជាអភិបាលរងរាជធានី-ខេត្ត ចំនួន ៤០ រូប។
មានប្រសាសន៍ក្នុងឱកាសផ្តល់បទឧទ្ទេសនាមនេះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនសិក្ខាកាមថា ក្រោយវិបត្តិកូវីដ-១៩ សន្ទុះនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាមានការកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១ ឆ្នាំ២០២៤ ក.អ.ក បានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣.២៥៨ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ប្រមាណ ១៦៩ ពាន់កន្លែង។ ដោយឡែក ក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៥ ពាន់ កន្លែងបន្ថែមទៀត។
ដើម្បីជាមូលដ្ឋាននៃពុទ្ធិ និងជាឃ្លាំងព័ត៌មានសម្រាប់ផ្សព្វផ្សាយបន្ត ឯកឧត្តមបណ្ឌិត បានរំលេចជូន សិក្ខាកាម នូវកត្តាអំណោយផលរបស់កម្ពុជា ដែលជាភាពទាក់ទាញដល់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងខណៈដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ទន្ទឹមនឹងការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែ នឹងបន្តរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សេវាថែទាំវិនិយោគ តាមរយៈយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការផ្សេងៗទៀត។ ដោយឡែក ក្រៅពីការវិនិយោគផ្ទាល់ ១០០ % វិនិយោគិនក៏បានពិចារណាការវិនិយោគក្រោមរូបភាពជាដៃគូជាមួយរដ្ឋ ទៅតាមច្បាប់បទប្បញ្ញត្តិជាធរមានផងដែរ៕
No comments:
Post a Comment