ក្នុងឱកាសនោះ លោក សុច ពិសី អភិបាលស្រុក បានថ្លែងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ក្នុងឆ្នាំ២០២៤នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការ ដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។
ឯកឧត្តម សុខា រ៉ាម អភិបាលរងខឹត្ត បានថ្លែងថា អង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ស្រុក ឆ្នាំ២០២៤ គឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយស្រុក និងឃុំ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អ ប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។
បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលរងខេត្តបានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ -អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែល ជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ស្រុក និងឃុំ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។
ឯកឧត្តមបានស្នើដល់ក្រុមប្រឹក្សាឃុំ ត្រូវធ្វើការកែសម្រួលដើម្បីបន្តបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំនិងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរ ផែនការខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ជាអ្នកជួយ និងចូលរួមទទួលខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ ពេលវេលាតាមកាលកំណត់។
ឯកឧត្តមបានបន្តថា ក្រុមប្រឹក្សាឃុំ ត្រូវលើក ជាសំណួរ ចំពោះមន្ទីរ អង្គភាព និងអង្គការពាក់ព័ន្ធ ដែលបានគាំទ្រហើយមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក។ បន្ថែមលើសពីនេះ អាជ្ញាធរ ស្រុក ត្រូវប្រើឱកាសនេះ សម្រាប់ផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្តល់សេវាយ៉ាងណាឱ្យល្អប្រសើរ ឬក៏បង្ហាញអំពីបញ្ហាប្រឈមរួម ដែលកើតមាននៅតាមបណ្តាឃុំរបស់ខ្លួន៕
No comments:
Post a Comment