(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការី ជានាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបច្ច័យមួយចំនួនរបស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅប្រគេនព្រះសង្ឃចំនួន៥៥អង្គ ដែលកំពុងគង់នៅរៀនសូត្រ និងមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ ស្ថិតនៅក្នុងវត្តក្តីអណ្ដែត ហៅវត្តក្តីក្នុង នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា តាមការសំណូមពរពីលោកយាយ លោកតាអាចារ្យគណៈកម្មការវត្ត ស្នើសុំជួយដោះស្រាយស្បៀងអាហាគ្រឿងឧបភោគបរិភោគ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ដែលកំពុងស្នាក់នៅរៀនសូត្រមានចំនួន ៥០អង្គ និងលោកយាយលោកតា ដែលកំពុងស្នាក់អាស្រ័យនៅក្នុងទីអារាមនេះ ហើយមានការខ្វះខាតចង្ហាន់ ទើបថ្ងៃនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំស្បៀងអាហារគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន ៤០០គីឡូក្រាម ត្រីខកំប៉ុងចំនួន២កេសធំ ទឹកត្រីទឹកស៊ីអ៉ីវចំនួន ១០យួរ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែក និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបច្ច័យមួយចំនួនរបស់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីប្រគេនព្រះសង្ឃ និងលោកតាអាចារ្យគណៈកម្មការវត្ត ដើម្បីចាត់ចែងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងដោះស្រាយសម្រាប់លោកយាយលោកតានៅពេលនេះ។
ព្រះសីលសោភ័ណ សាំង សុវត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណក្រុងស្ទឹងសែន និងជាព្រះចៅអធិការវត្តក្តីអណ្តែត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីទាំងអស់ ដែលបាននាំយកនូវទេយ្យទានមកប្រគេនព្រះសង្ឃ ដើម្បីដោះស្រាយការផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃចំថ្ងៃដែលកំពុងពីការខ្វះខាតនៅពេលនេះ និងសូមជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ
No comments:
Post a Comment