(កំពង់ធំ)÷ ដោយអនុវត្តតាមបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងតឹងរឹងបំផុត ដល់ផែនការងារជំនាញ និងអធិការដ្ឋាននគរបាលទាំង ០៩ក្រុង-ស្រុក ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដូចភ្លៀងរលឹម សម្រាប់បង្កា ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ធានាសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ។
ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សន តាល់ បានចេញប្រតិបត្តិការ បង្ក្រាបទីតាំង ល្បែងស៊ីសងខុសច្បាប់ (មាន់ជល់ផ្ទាល់ដី) ចំនួន០១ ករណី ស្ថិតនៅចំណុច ក្នុងព្រៃចំការស្វាយចន្ទី តំបន់អូរក្បាលហុង ចំងាយពីភូមិជីវភាពប្រហែល០៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន÷ ១.ម៉ូតូម៉ាកឌ្រីមសង់ចំនួន២០គ្រឿង។២.មាន់ជល់ចំនួន០៥ក្បាល ព្រមទាំងសម្ភារៈមួយចំនួនទៀត។ រីឯអ្នកញៀនល្បែងស៊ីសងរត់បាត់ស្រមោលពីកន្លែងកើតហេតុ។ ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងកសាងនីតិវិធីចាត់ការតាមច្បាប់។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ
No comments:
Post a Comment