(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលជាច្រើនទៀត នៅសាលាបឋមសិក្សាកូនក្អែក ស្ថិតនៅភូមិកូនក្អែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលទទួលបានការឧបត្ថម្ភគាំទ្ររបស់អង្គការ GIVE CHILDREN A FUTURE asbl, LUXEMBOURG and OPERATION MONDE NOUVEAU asbl, BELGIUM នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា វិស័យអប់រំនៅកម្ពុជាបន្តអភិវឌ្ឍជាលំដាប់ និងប្រែក្លាយទៅជាប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ដែលអាចកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយមនសិកា វិជ្ជាជីវៈ និងសមត្ថភាពជំនាញពិតប្រាកដលើគ្រប់វិស័យ ជាប្រយោជន៍ដល់ការកសាងសង្គមជាតិមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ និងនៅក្នុងក្រុមគ្រួសារ ។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលរូបវ័ន្តដែលនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតណាស់នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងធនធានមនុស្ស ប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីក្លាយជាដើមទុនដ៏ចាំបាច់ក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា និងបានបន្តលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹងដែលផ្តល់ដោយលោកគ្រូ អ្នកគ្រូ និងចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីកសាងខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ។ អត្ថបទ ចន្ថា បុណ្យឫទ្ធិ
No comments:
Post a Comment