ការជំរុញនិងលើកទឹកចិត្តរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០៥ ក្នុងឱកាសលោកអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាតដំបងថ្មី លោក សុវណ្ណ វិទិត្យា ជំនួសលោក សួស សុភ័ក្រ ដែលត្រូវទទួលភារកិច្ចថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ តាមបណ្ដាក្រសួង មន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងជាសំណួរថា តើអ្នកធ្លាប់បានចោទសួរខ្លួនឯងទេ ថាស្ថាប័នអង្គភាពរបស់ខ្លួនបានបំពេញការងារយ៉ាងច្រើន និងមាន សមិទ្ធផលយ៉ាងច្រើន ប៉ុន្តែហេតុអ្វីបានជាសាធារណជន ហាក់ដូចជា មិនទទួលបានព័ត៌មានច្រើនពីស្ថាប័នខ្លួន និងពេលខ្លះមានការយល់ច្រឡំ ហើយប្រជាពលរដ្ឋ ងាយនឹងជឿព័ត៌មានបែបមូលបង្កាច់ ព័ត៌មានក្លែងក្លាយថែមទៀត? ដូច្នេះ ការធ្វើទំនាក់ទំនងជាមួយស្ថាប័នសារព័ត៌មាន និងការបង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មានពីស្ថាប័នសាមីផ្ទាល់ ជារឿងចាំបាច់ ហើយត្រូវចាំថាកុំឱ្យព័ត៌មានមិនពិត ដឹកមុខយើង ត្រូវមានការបកស្រាយពន្យល់បានលឿនតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ បើសិនជាយើងធ្វើច្រើនហើយអត់ផ្សាយ គឺស្មើសូន្យ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ មិនត្រឹមតែពាក់ព័ន្ធនឹងសន្តិសុខនយោបាយប៉ុណ្ណោះទេ តែវាជាសង្គ្រាមចិត្តសាស្ត្រដ៏គ្រោះថ្នាក់ ដែលគេបាន និងកំពុងបង្កើតឡើង ដើម្បីទាក់ទាញប្រជាប្រិយភាពតាមរយៈការបំភ័ន្តមតិប្រជាពលរដ្ឋ។ ដូច្នេះ មន្ត្រីស្ថាប័នរដ្ឋ ដែលទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ ត្រូវយល់ដឹងអំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ និងពង្រឹងនូវយុទ្ធសាស្ត្រ យុទ្ធវិធីក្នុងការទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយក្រុមជនមួយចំនួន ក្នុងចេតនាទុច្ចរិត តាមរយៈសកម្មភាពខុសច្បាប់នានាសំដៅបំផុសបំផុលបង្កើតនូវអំពើអាណាធិបតេយ្យ ចលាចលសង្គម ឬប៉ុនប៉ងបំផ្លាញនូវស្ថេរភាពនយោបាយ ជាពិសេសសុខសន្តិភាពដែលខិតខំរកបានដោយលំបាកបំផុត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ គឺដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ជាពិសេសមន្ត្រីសាធារណៈ និងបណ្តាអ្នកនយោបាយ។ អ្វីដែលសំខាន់ត្រូវតែទាមទារការចូលរួមជួយផ្សព្វផ្សាយ ចែករំលែកឱ្យបានទូលំទូលាយនូវព័ត៌មានដែលពិត ពីព្រោះការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ជារបៀបវារៈថ្នាក់ជាតិ និងជាអាទិភាព ដែលមិនអាចធ្វើឡើងដោយបុគ្គលតែម្នាក់នោះទេ ដោយសារវាទាមទារឱ្យមានការត្រួតពិនិត្យព័ត៌មានដែលបានផ្សព្វផ្សាយជាប្រចាំ ដើម្បីធ្វើការបន្សាប ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា សមរភូមិសាធារណមតិបច្ចុប្បន្ននេះ គឺសំខាន់ និងស្រួចស្រាវបំផុត ហើយក៏ជាសមរភូមិចិត្តសាស្ត្រផងដែរ។ ដូច្នេះ មន្ត្រីពាក់ព័ន្ធត្រូវខិតខំបញ្ចេញព័ត៌មានពិតឱ្យបានឆាប់រហ័ស ដើម្បីសម្លាប់ព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះហើយទើបក្រសួងព័ត៌ មាននៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យត្រូវ តែជាស្ថាប័នទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែបុរេសកម្ម អន្តរសកម្មប្រកបដោយគុណភាព និងប្រសិទ្ធិភាព។
ជាមួយគ្នានេះ ក្រសួងបានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មាន ដែលបង្កើតឡើងបញ្ចេញផ្សព្វផ្សាយគឺជាព័ត៌មាន មានភាពត្រឹមត្រូវពិតប្រាកដមិនបំពុល៕
No comments:
Post a Comment