ខេត្តក្រចេះ៖ព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធម៉ាស្ជិត (នូរុទ្ទីន) សាលារៀនអាន់នៀកម៉ាស់ និងរបងវិហារ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅភូមិត្រពាំងស្បែក ឃុំ២ធ្នូ ស្រុកស្នួល។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ១)-ត្រូវចូលរួមអនុវត្តតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពដូចជា៖ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាននៅក្នុងឃុំ និងក្នុងស្រុកស្នួលទាំងមូលឱ្យបានម៉ឺងម៉ាត់បំផុត ២)-អាជ្ញាធរស្រុក និងឃុំត្រូវបន្តជំរុញការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាតាមរយៈការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលស្រុក និងតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ព្រមទាំងការដោះស្រាយ និងបញ្ហាកង្វល់នានារបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័ស ៣)-សូមបងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាព អនាម័យឱ្យបានល្អ ព្រោះនាពេលនេះគឺជារដូវក្ដៅ ងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ជាពិសេសកូនៗឬក្មួយៗក្នុងគ្រួសារករណីមានរោគសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវដាំដើមឈើជុំវិញផ្ទះ ដើម្បីជាម្លប់ការពារផ្សេងៗ និងមានបរិស្ថានល្អ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ដែលបណ្ដាលឱ្យមានការគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិនានា ដូចជា ផ្ទះ សម្បែង។ល។ ៤)-សូមបងប្អូនប្រជាពលរដ្ឋ ឬអាណាព្យាបាលជួយតាមដាន និងជំរុញដល់កូនៗឱ្យខិតខំសិក្សារៀនសូត្រ និងបណ្ដុះបណ្ដាលរៀនជំនាញនានា ជាពិសេសទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់ស្មារតី និងខាតបង់ប្រយោជន៍សង្គមជាតិ និងគ្រួសារ
៥)-បងប្អូនប្រជាពលរដ្ឋក្រីក្រ គ្មានដីពិតប្រាកដ សូមអញ្ជើញទៅទំនាក់ទំនងជាមួយរដ្ឋបាលឃុំសាមី ដើម្បីដាក់ពាក្យស្នើសុំដីសម្រាប់រស់នៅ និងធ្វើកសិកម្ម ក្នុង“កម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយបាននិងកំពុងអនុវត្ត ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្រីក្រទទួលបាននូវដីលំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្ម ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀត។ដោយ ហេង ប៊ុនឡាំង
No comments:
Post a Comment