ខេត្តស្វាយរៀង៖នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តនិង ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាធិបតីនៅក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, លោកប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ៩៣នាក់។
ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា នេះគឺដោយសារតែកត្តាសុខសន្តិភាពដែលធ្វើឱ្យប្រទេសយើងមានការរីកចម្រើននេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជារបស់យើងទទួលបាននូវការវិនិយោគជាច្រើនលើតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសជាច្រើនទៀតនៅក្នុងខេត្តស្វាយរៀង។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងទទូចថា សូមឱ្យបងប្អូនទាំងអស់គ្នា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃ ប.ស.ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ព្រោះប.ស.ស បានកាត់បន្ថយការចំណាយរបស់បងប្អូនច្រើនណាស់ក្នុងជីវភាពជាប្រចាំថ្ងៃ។
យោងតាមរបាយការណ៍របស់លោក អ៊ូ សុខឿនប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កន្លែងបាននឹងកំពុងដំណើរការចំនួន ១១ កន្លែងដែលមានសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីសរុបចំនួន ១០១៤ កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៣៤,៧១១ នាក់ ស្រីចំនួន ៧៧,៥៩៩នាក់ ក្នុងនោះមានកម្មករនិយោជិតខ្មែរចំនួន ១៣២,៦៣៣នាក់ ស្រីចំនួន ៥៩,៧០៦នាក់ បរទេសសរុបចំនួន ២,០៧៨នាក់ ស្រី៩៩០នាក់។
អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអទិភាពចំនួន ៥ រួមមាន:
១/. ការអភិវឌ្ឍន៍លក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
២/. ការអភិវឌ្ឍន៍ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
៣/. អភិវឌ្ឍន៍មុខរបរនិងការងារ។
៤/. អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ។
៥/. ការពង្រឹងអភិបាលកិច្ចល្អ។
No comments:
Post a Comment