ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ និងលោកឧត្តមសេនីយត្រី ប៉ាន់ ស៊ីរ៉ូ ស្នងការរងនគរបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ឧត្តមសេនីយឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីសំណាក់លោក សុខ សំអុលប្រធានក្រុមប្រឹក្សាស្រុក, លោក សុច ពិសី អភិបាលស្រុក, លោកស្រី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីមេឃុំ លោកស្រីស្មៀនឃុំ ជំនួយការឃុំ លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ សរុបវត្តមានអ្នកចូលរួម ចំនួន១៧០ នាក់ ស្រីចំនួន ១៦០នាក់
ក្នុងឱកាសនោះ លោកស្រី វ៉ា សុជាតា អភិបាលរងនៃគណៈអភិបាលស្រុក បានអានព្រះរាជសារសម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូ និងសុភមង្គល ក្នុងឱកាសខូបលើកទី១១៤ "ទិវាអន្ដរជាតិនារី ០៨ មិនា ឆ្នាំ២០២៥" ហើយ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម ម៉ម វណ្ណៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរដល់ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងសង្គមស៊ីវិលទាំងអស់ សូមចូលរួមចំណែកជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីលើគ្រប់វិស័យនិងគ្រប់កម្រិត ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយតម្លៃ និងសក្តានុពលផងដែរ៕
No comments:
Post a Comment